Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក​«​កោះ​ឋានសួគ៌​» ត្រៀម​កាំជ្រួច​១​កប៉ាល់ សម្រាប់​បាញ់​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧-២០១៨ ជូន​ភ្ញៀវ​ទស្សនា​

ខេត្ត​ព្រះសីហនុ​៖ ស្ថាបនិក​អភិវឌ្ឍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» នា​ខេត្ត​ព្រះសីហនុ បាន​បង្កើត​កម្មវិធី​កម្សាន្ត​សប្បាយ ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ឆ្នេរ​នេះ នាឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧~២០១៨ អោយមាន​ភាពសប្បាយ​រីករាយ​។​

​លោកស្រី ស៊ុយ ស្រីមុំ អគ្គនាយក​ក្រុមហ៊ុន​ដឹក​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​តាម​កោះ នា​ខេត្ត​ព្រះសីហនុ មាន​ឈ្មោះថា អាយ​លែ​ន ស្ពី​ដ​ហ្វឺ​រី ខេ​ម​បូ​ឌា ( Island Speed Ferry Cambodia)​ដែលជា​ស្ថាបនិក​ម្នាក់ ដែល​បាន​រួមគ្នា​អភិវឌ្ឍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​»​។ លោកស្រី មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ​ថា ភ្ញៀវទេសចរ ដែល​ចង់​ធ្វើដំណើរ​ទៅកាន់​កោះ​នេះ អាចធ្វើ​ដំណើរ​តាម ក្រុមហ៊ុន អាយ​លែ​ន ស្ពី​ដ​ហ្វឺ​រី ខេ​ម​បូ​ឌា ( Island Speed Ferry Cambodia) ក៏បាន ដោយមាន​តម្លៃ​សមរម្យ ហើយ​មាន​កប៉ាល់ ឫ​ទូក​ធំៗ បំពាក់​ម៉ាស៊ីនត្រជាក់ មាន​ល្បឿន​លឿន​រហ័ស​ទាន់​ចិត្ត និង​មាន​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់​ព្រមទាំង​បំពាក់​សម្ភារៈ​សុវត្ថិភាព​គ្រប់​ចំនួន រង់ចាំ​បំរើសេវា​ដឹកជញ្ជូន ទៅកាន់​ទីតាំង​កម្សាន្ត​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ និង​មាន​សុវត្ថិភាព​ខ្ពស់​។

​លោកស្រី​បន្តថា ទាំង​អាហារ​ទទួលទាន និង​បឹង​កា​ឡូ​កោះ​ឋានសួគ៌ ឬ​ផ្ទះ​ស្នាក់ និង​ស្តង់​ជួល​ស្នាក់នៅ លើ​កោះ​នេះ គឺមាន​តម្លៃ​សមរម្យ និង​មាន​កម្លាំង​សន្តិសុខ រង់ចាំ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ទាំងយប់​ថ្ងៃ​។

​ស្ថាបនិក «​កោះ​ឋានសួគ៌​» រូបនេះ បាន​អះអាងថា នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៧~២០១៨​នេះ បានរៀបចំ​ប្រគំ​តន្ត្រីសម័យ ឬ​ដាក់​អ័ក​កា​ដង់​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ នៅជាប់​ឆ្នេរ​ខ្សាច់ ដើម្បី​ប្រគំ ជូន​ភ្ញៀវទេសចរ​ស្តាប់ រាំ និង​ច្រៀង​កម្សាន្ត ដើម្បី​កំដរ​ការសប្បាយ​បំបាត់​កង្វល់​ឆ្នាំ​ចាស់​។ ពិសេស​ជាង​នេះ នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ដាច់​ឆ្នាំ​២០១៧ ឆ្លង​ចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ក៏​នឹងមាន​ការបាញ់​កាំជ្រួច​ចម្រុះ​ពណ៌​រាប់រយ​ពាន់​ដើម អោយ​កក្រើក​ផ្ទៃសមុទ្រ នៃ​ឆ្នេរ​កោះ​ឋានសួគ៌ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៨ ជូន​ភ្ញៀវ​ទស្សនា​កម្សាន្ត​ថែមទៀត​។​

​បន្ថែម​លើ​នេះ លោកស្រី ស៊ុយ ស្រីមុំ អោយដឹងថា ពេញ​មួយ​បរិវេណ​នៅលើ «​កោះ​ឋានសួគ៌​» គឺមាន​ភ្លើង​បំភ្លឺ​ចែងចាំង​ចម្រុះ​ពណ៌​ស្ទើ​មើលឃើញ​ស្រមោច​វា​នៅ​លើដី​។ ហើយ​បច្ចុប្បន្ននេះ នៅលើ «​កោះ​ឋានសួគ៌​» ក៏បាន​បង្កើត អោយមាន​ហាង​កាហ្វេ មាន​លក្ខណៈ​ស្តង់ដារ ព្រមទាំង​មាន​ផ្សារ​ទំនើប ឬ ម៉ា​ត លក់​ផលិតផល ឬ​សម្ភារៈប្រើប្រាស់​ផ្សេងៗ រង់ចាំ​បំរើសេវា​ជូន​ភ្ញៀវ ដោយមាន​បុគ្គលិក មាន​អត្តចរិត និង​កាយវិការ​រួសរាយ​រាក់ទាក់​..​។​

​ចំណែក លោក​ឧកញ៉ា ទៀ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​. ស្ពី​ត​បូត ខេ​ម​បូ​ឌា (G.T.V.C, Speed Boat Cambodia) និង​ជា​ស្ថាបនិក​ធំ ដែល​បាន​ផ្តើមគំនិត​បង្កើត ឬ​អភិវឌ្ឍ អោយមាន​ឆ្នេរ​កម្សាន្ត​មាន​ឈ្មោះថា «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​»​។ លោក មានប្រសាសន៍​អោយ​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ ដឹងថា ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី របស់លោក នឹង​បន្ត​ពង្រីក​មណ្ឌល​កម្សាន្ត «​កោះ​ឋានសួគ៌​»​នេះ អោយមាន​លក្ខណៈ​ស្តង់ដារ ទាំង​បឹង​កា​ឡូ ឬ​ផ្ទះ​សម្រាប់​ស្នាក់នៅ និង បំពាក់​សម្ភារៈ ឬ​ឧបករណ៍​កម្សាន្ត ទាំង នៅលើ​ដីគោក និង​លើទឹក​សមុទ្រ​ជាដើម អោយ​សម្បូរបែប សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ឆ្នេរ​នេះ អោយមាន​ភាពសប្បាយ​រីករាយ​ទ្វេដង​។​

​ចំពោះ​អនាម័យ​បរិស្ថាន​ឆ្នេរ​វិញ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​អះអាងថា បាន​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ដើរ​សម្អាត​រើស​សំរាម ឬ​សម្អាត​អនាម័យ​បរិស្ថាន​នៅក្នុង​បរិវេណ​កោះ​ឋានសួគ៌ និង​តាម​ឆ្នេរសមុទ្រ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​បាន​ពង្រាយ​កម្លាំង​បុគ្គលិក រង់ចាំ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ភ្ញៀវទេសចរ ២៤​ម៉ោង លើ​២៤​ម៉ោង ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែលជា​ប្រធាន​សមាគមន៍​ទេសចរណ៍ (​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ​) ប្រចាំខេត្ត​ព្រះសីហនុ​ផង​នោះ បញ្ជាក់ថា ចាប់តាំងពី​បាន​បង្កើត ឬ​អភិវឌ្ឍ​ឆ្នេរ​កម្សាន្ត​«​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» កាលពី​ឆ្នាំ​២០១៦ មក គឺ​ឆ្នេរ​កម្សាន្ត​មួយ​នេះ​មិនដែល​កើតមាន​ចោរកម្ម និង​បញ្ហា​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​មានការ​ភ័យខ្លាច​ម្តងណា​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រកាស​ស្វាគមន៍​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ភ្ញៀវ​ជាតិ អោយ​ចូលមក​ទស្សនា​ទី​តាំង​កម្សាន្ត «​កោះ​ឋានសួគ៌​» អោយបាន​ច្រើន​កុះករ នា​ថ្ងៃ​អនាគត​។ ជាពិសេស លោក​ថា នៅមុន​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ឆ្នាំ​២០១៨ ខាងមុខ ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​. របស់លោក នឹង​បើក​សម្ភោ​ធ បឹង​កា​ឡូ មាន​លក្ខណៈ​ស្តង់ដារ​រាប់សិប​ផ្ទះ ឬ​បឹង​កា​ឡូ ថែមទៀត ដើម្បី​ពង្រីក​សេវា​ស្នាក់នៅ ជូន​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​តំបន់​នេះ​អោយបាន​គ្រប់​ចំនួន​នា​ថ្ងៃ​ខាងមុខ​។​

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ និង​គាំទ្រ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់ ដែល​បាន​បង្កើត ឬ​អភិវឌ្ឍ​មណ្ឌល ឬ​ទីតាំង​ទេសចរណ៍ អោយបាន​ច្រើន​ទីតាំង សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ស្របពេល កំណើន​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា ខេត្ត​ព្រះសីហនុ បាន​កើន​ច្រើន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ទន្ទឹមគ្នានេះ លោក យន្ត មីន ក៏បាន​ស្នើ​ដល់​វិស័យ​ឯកជន ឬ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ឲ្យ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​រប​ស់​ខ្លួន​ឲ្យ​មានគុណ​ភាព ដោយ​ត្រូវ​កំណត់​តម្លៃ​សេវា​ឲ្យ​បាន​សមរម្យ មិនត្រូវ​លក់​កោរ​ភ្ញៀវ និង​បើក​ធ្វើ​អាជីវកម្ម ត្រូវសុំ​ការអនុញ្ញាត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។ ពិសេស​ជាង​នេះ ត្រូវ​សំអាត​បរិស្ថាន​ឆ្នេរ អោយមាន​អ​នា​សម័យ​ជាប្រចាំ និង​មិនត្រូវ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​នោះទេ​។​

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) មាន​ខ្សាច់​ស​ស្អាត ទឹកសមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹកធ្លាក់ មច្ឆា​សមុទ្រ ផ្កាថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ជា​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

×