ជិតមួយឆ្នាំមកហើយដែលព័ត៌មានពន្លកស្នេហ៍ដំបូងរបស់ សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី បានផុសឡើងនៅពេលដែលអ្នកទាំងពីរបានចេញសកម្មភាពស្និទ្ធដូចគូសង្សារ ហើយតារាប្រុសវ័យក្មេងលោក រ៉ាយុ ក៏បានបោះសម្តីថា លោកពិតជាស្រឡាញ់ចូលចិត្តតារាស្រីរូបស្រស់ម្នាក់នេះ។ ថ្មីៗនេះខណៈអ្នកព័ត៌មានសួរនាំពីសំណួរចាក់ដោតពីទំនាក់ទំនងអ្នកទាំងពីរ កញ្ញាឆ្លើយមកថា នាងក៏ពេញចិត្ត និងចូលចិត្តលោក រ៉ាយុ ដែរ ដូច្នេះហើយអ្នកទាំងពីរអាចនឹងក្លាយជា គូស្នេហ៍ដោយបើកចំហរ ឬយ៉ាងណា?
សំណួររបស់អ្នកព័ត៌មាននោះបានសួរថា ព័ត៌មានអ្នកទាំងពីរ បង្កើតទំនាក់ទំនងស្នរហាជាមួយគ្នា មានរយៈពេលជិតមួយឆ្នាំមកហើយ ដោយឡែកលោក សុគន្ធ ថេរ៉ាយុ ហាក់បង្ហាញចេតនាចង់ធ្វើជាម្ចាស់ឃុំគ្រងបេះដូងកញ្ញាជាខ្លាំង រហូតលោកបានបោះសម្តីថា លោកស្រឡាញ់ និងចូលចិត្តកញ្ញាលើសពីតារាស្រីផ្សេងទៀត ដែលគេធ្លាប់ធ្វើកាងារជាមួយ តើ រ៉ាប៊ី អាចបញ្ជាក់ក្នុងពេលនេះបានទេ ព្រោះកញ្ញាមិនទាន់បានឆ្លើយនៅឡើយ ធ្វើអ្នកគាំទ្រជាច្រើនចង់ដឹង ?
សំណួរនេះត្រូវបាន រ៉ាប៊ី គាំងសម្តីប្រមាណជិតមួយនាទី ទើបឆ្លើយមកថា សម្រាប់ទំនាក់ទំនងនាងជាមួយលោក រ៉ាយុ នៅពេលនេះមិនទាន់អាចនិយាយបានថា ជាស្នេហា ឬសង្សារបាននៅឡើយទេ។ កញ្ញាបញ្ជាក់បន្ថែមថា ការសម្រេចចិត្តចំពោះរឿងនេះ គឺមិនអាចឆ្លើយតបបានភ្លាមៗទេ តែនាងទទួលស្គាល់ថា នាងពិតជាមានអារម្មណ៍ចូលចិត្តចំពោះលោក រ៉ាយុ ដែរ ពោលគឺរឿងនេះនាងសុំពេលមើលពីគ្នាឲ្យបានច្រើនបន្តិចទៀតសិនទើប គួរឆ្លើយថា ទៅមុខ ឬទៅក្រោយបាន៕