កន្លែងកប់សពដ៏ធំអស្ចារ្យមួយ នៅភូមិស្នាយក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទោះបីត្រូវគេបំផ្លិចបំផ្លាញសឹងតែទាំងអស់ក្តី ប៉ុន្តែបានបន្សល់នូវបុរាណវត្ថុយ៉ាងសន្ធឹកសន្ធាប់ គួរឲ្យមោទនៈ ។ យោងលើទិន្នន័យខាងបុរាណវិទ្យា យើងអាចមានការយល់ ដឹងពីវប្បធម៌បុរាណបានយ៉ាងល្អ ។
ក្រវិលច្រមុះសំរិទ្ធមកពីអង្គរបុរី (សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក), (ថត ២០០៥)
ក្នុងចំណោមឧបករណ៍ប្រើប្រាស់ ធ្វើអំពីលោហៈ កុលាលភាជន៍ និងគ្រឿងអលង្ការអំពីថ្ម, ឆ្អឹង, ខ្យង, ដីដុត និងកែវស្ល យើងមានការចាប់អារម្មណ៍លើក្រវិលច្រមុះមួយ ចំនួន ធ្វើអំពីកែវស្ល និងសំរិទ្ធដែលអ្នកស្រុកបានរកឃើញ ដោយការជីកកកាយផ្នូរ ខ្មោចបុរាណ ដើម្បីយកវត្ថុបុរាណទៅលក់ដូរតាមទីផ្សារជាតិ និងអន្តរជាតិ ។
រូបភាពស្ត្រីជនជាតិឥណ្ឌាពាក់ក្រវិលច្រមុះ, (ថត ២០០៥)
វត្តមានរបស់វត្ថុសិល្បៈបុរាណទាំងនោះ ធ្វើឲ្យយើងដឹងថា គ្រឿងអលង្ការនេះត្រូវបានពេញនិយមដោយស្ត្រីភេទ ដែលប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះសោភ័ណភាពប្រមាណជា ២០០០ ឆ្នាំមកហើយ ។ យើងសម្គាល់ថា ក្រវិលនៅភូមិស្នាយទាំងនោះ មានលក្ខណៈដូចគ្នានឹងក្រវិលនៅសម័យវប្បធម៌នគរភ្នំ ដែលស្ថិតក្នុងសម័យកាលតែមួយ ។
ដូច្នេះយើងអាចយល់ឃើញថា តំបន់នេះពិតជាមានទំនាក់ទំនងគ្នាខាងវប្បធម៌ជាមួយតំបន់វាលទំនាប នៃដងទន្លេមេគង្គដូចនៅអង្គរបុរី និងដែនដីសណ្តកម្ពុជាក្រោមក្នុងអម្លុងសតវត្សរ៍ទី១ និងទី៤ នៃគ.ស ។
បញ្ហាដែលចោទនៅទីនេះគឺថា ហេតុអ្វីបានជាប្រជាជនខ្មែរក្នុងអតីតកាល បាននិយមគ្រឿងអលង្ការទាំងនេះ ដូចជនជាតិឥណ្ឌាទៅវិញ ។ ភាពស្រដៀងគ្នានៃក្រវិល និងប្រពៃណីនេះមានន័យថា ជនជាតិខ្មែរពិតជាបានទទួលឥទ្ធិពលវប្បធម៌ឥណ្ឌាយ៉ាងប្រាកដ ។
ដើម្បីគូសបញ្ជាក់ករណីនេះ យើងអាចលើកប្រពៃណីនិយមក្រវិលច្រមុះ របស់ស្ត្រីឥណ្ឌានាសម័យបច្ចុប្បន្ន នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលយើងបានរកឃើញកន្លងមកមកប្រៀបធៀប ។
ក្រវិលកែវ និងឆ្អឹងមកពីភូមិស្នាយ (សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក), (ថត ២០០៥)
សរុបសេចក្តីមកវត្តមានរបស់ក្រវិលច្រមុះទាំងនោះ នៅស្ថានីយ៍ស្នាយអាចរំលឹកឡើងវិញ ឲ្យយើងដឹងអំពីទំនាក់ទំនងរវាងខ្មែរ និងឥណ្ឌាក្នុងអម្លុងប្រមាណជា ២០០០ ឆ្នាំមកហើយ ក្នុងអតីតកាលដ៏យូរលង់ ។ មានន័យថា អ្វីៗទាំងអស់សុទ្ធសឹងតែត្រូវធ្វើឡើងដោយមានហេតុផលរបស់វា ទោះបីជាសព្វថ្ងៃជនជាតិខ្មែរឈប់ប្រើប្រាស់គ្រឿងអលង្ការទាំងនេះក៏ដោយ៕ (ម.ត្រាណេ)