តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធនានាចំណុះឱ្យរដ្ឋបាលខេត្តតាកែវ នូវរសៀលថ្ងៃអង្គារ ០១រោច ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃ០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ បានបញ្ជារឱ្យបញ្ឈប់ជាបន្ទាន់រាល់ការយកលុយពីទូកដែលចូលមកទិញស្រូវពីប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា កន្លងមកមានការយកលុយពីទូកអាជីវករដែលដើរទិញស្រូវពីប្រជាពលរដ្ឋ ដែលផ្ទុយពីគោលការណ៍របស់រដ្ឋបាលខេត្ត រហូតដល់មានមន្ត្រីខិលខូចហ៊ានយកឈ្មោះរដ្ឋបាលខេត្តទៅគៀបសង្កត់ថាយកពន្ធស្រូវទៅទៀត ដែលទង្វើនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរដ្ឋបាលខេត្តប៉ះពាល់
យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមលើកឡើងទៀតថា ចំពោះមន្ត្រីខិលខូចដែលដើរយកឈ្មោះរបស់រដ្ឋបាលខេត្តទៅដើរកៀបសង្កត់ពីឈ្មួញកណ្តាលនោះ ពេលនេះត្រូវបានដកមកបញ្ឈរជើង នៅអង្គភាពហើយ ដូច្នេះឯកឧត្តមសូមដាក់បទបញ្ជាហាមដាច់ខាតចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់សកម្មភាពការយកលុយពីទូកអាជីវករដែលចូលមក ទិញស្រូវពីប្រជាពលរដ្ឋ ហើយប្រសិនបើនៅតែបន្តប្រព្រឹត្តិទៀតនោះ ឯកឧត្តមនិងចាត់វិធានការដោយគ្មានការយោគយល់អ្វីទៀតឡើយ។
ឯកឧត្តមឡាយ វណ្ណៈ អភិបាលខេត្ត និងលោក សុខ សំណាង ស្នងការនគរបាលខេត្ត ក៏បានផ្តល់លេខទូរស័ព្ទផ្ទល់របស់ខ្លួនដល់អាជីវករទាំងអស់ ដើម្បីធ្វើការ ទាក់ទង និងរាយការណ៍ដោយផ្ទាល់ក្នុងករណីមានការទារប្រាក់ពីទូកដែលចូលមកទិញស្រូវទៀត ដើម្បីអាចចាត់វិធានការណ៍បានទាន់ពេលវេលាជូនដល់បងប្អូន
ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើអាជ្ញាធរពាក់ព័ន្ធត្រូវតែបញ្ឈប់ដាច់ខាតរាល់ការយកលុយទូកឈ្មួញដែលចូលទិញស្រូវពីអាជីវករខ្មែរ ដើម្បីចៀសវាងតម្លៃស្រូវធ្លាក់ចុះបណ្តាលឲ្យពលរដ្ឋរកស៊ីខាត ។
សូមបញ្ជាក់ផងដែរថា ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ បញ្ឈប់ការជួលដីស្រែដល់វៀតណាម ហើយត្រូវផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ដីស្រែទាំងនោះឱ្យបញ្ឈប់សកម្មភាពដែលផ្ទុយពីសេចក្តីណែនាំនោះ ជាបន្ទាន់បើមិនដូច្នេះទេម្ចាស់ដីស្រែដែលជួលដីអោយជនជាតិវៀតណាម នោះអាចនិងប្រឈរមុខក្នុងការខាតបង់ច្រើន៕ តាកែវ