ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលខណ្ឌទាំង៤នៅកណ្តាលក្រុងនឹងត្រូវបើកយុទ្ធនាការស្តារលូសរុបជាង៤៦០គីឡូម៉ែត្រ និងស្តារប្រឡាយមួយចំនួន ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀង ហើយគ្រោងនឹងធ្វើអោយរួចរាល់មុនរដូវវស្សាឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអភិបាលខណ្ឌដូនពេញ ទួលគោក ៧មករា និងខណ្ឌចំការមន នៅសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២ ខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា “យុទ្ធនាការស្តារលូនិងប្រឡាយ នឹងចាប់ផ្តើអនុវត្តនៅថ្ងៃទី៩ ខែ មករា ក្រោយពីរៀបចំពិធីទិវាបុណ្យជាតិជ័យជំនះ៧មករារួចរាល់ ទៅលើគម្រោងភិវឌ្ឍន៍ប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ បញ្ហាទឹកដែលកន្លងមក មានការជន់លិចដោយជំនន់ទឹកភ្លៀង”។
លោកអភិបាលរាជធានី លើកឡើងអោយដឹងថា ដោយសារលូជាង៤៦០គីឡូម៉ែត្រនេះ ភាគច្រើនជាលូចាស់ មានការបាក់ដីស្រុតចូលលូ គួបផ្សំទៅនឹងការអភិវឌ្ឍន៍នៅតាមជាយក្រុង ដែលមិនបានគិតគូពីនិរន្តរភាព នៃចរន្តទឹកហូរ ធ្វើអោយមានការលុបប្រឡាយដោយអន្លើបណ្តាលអោយស្ទះទឹកហូមិនបានលឿន។
យុទ្ធនាការស្តារលូនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ គឺប្រគល់ភារកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤ខាងលើ ដោយអនុវត្តតាមវិមជ្ឈកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា អោយទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលនោះទេ គឺនៅតាមដាននិងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត។
លោកអភិបាល បានថ្លែងថា នេះជាវិសាលភាពនៃសន្តិភាពដែលយើងត្រូវធ្វើការអភិវឌ្ឍទីក្រុងរបស់យើងយ៉ាងស៊ីជម្រៅ ។ យើងត្រូវតែដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ហើយតាមរយៈយុទ្ធនាការការស្តារលូ ធ្វើផ្លូវ ស្តារប្រឡាយ យើងសង្ឃឹមថានឹងទទួលបានផលយ៉ាងពិតប្រាកដជូនទៅដល់ប្រជាពលរដ្ឋ ។ លោកបន្តថា “យុទ្ធនាការស្តារលូនេះ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់ថវិកាទៅដល់បណ្តាខណ្ឌទាំង៤ ដែលអនុវត្តតាមវិមជ្ឈកាថ្នាក់ក្រោមជាតិ និងបានប្រគល់សិទ្ធិជូនពួកគាត់ ប៉ុន្តែយើងមិនព្រលែងចោលនោះទេ យើងនៅតែជាអណាព្យាបាល ហើយនៅពេលពួកគាត់ធ្វើទៅអស់ថវិកា យើងត្រូវបន្ថែមកិច្ចការងារនេះជូនពួកគាត់ទៀតហើយក្នុងនាមអាជ្ញាធររាជធានីភ្នំពេញជាអណាព្យាបាលត្រូវតម្រង់ទិសជូនពួកគាត់ “។
ទាក់ទិនទៅនឹងការស្តារលូនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនឹងដឹងជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា ចំពោះការស្តារលូជាង៤៦០គីឡូម៉ែត្រនេះសម្រាប់ខណ្ឌទាំង៤នេះ គឺសរុបមានចំនួន៦៤ខ្សែ គឺខណ្ឌដូនពេញមានប្រវែង២៤.៣៩០ម៉ែត្រ ខណ្ឌចំការមនមានប្រវែង២៨.០៦៨ម៉ែត្រ ខណ្ឌទួលគោកមានប្រវែង២៨.៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០.៨១៤ម៉ែត្រ។
លោកបានបញ្ជាក់អោយដឹងថា ចំពោះការស្តារលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តារលូ គឺមានរថយន្តសម្រាប់បូមទឹកចំនួន៤គ្រឿង រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៧ខែអោយរួចរាល់ទូទាំង៤ខណ្ឌ។
យុទ្ធនាការនេះដែរ លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អោយដឹងថា បញ្ហាដែលបានដោះស្រាយនោះ គឺស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេពិសេសក្នុងខណ្ឌចំនួន៤នៅកណ្តាលក្រុង និងបានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារលូទាំងខ្នាតតូច និងធំ ដែលមានប្រវែង៤៦០គីឡូម៉ែត្រ ហើយគម្រោងនេះ ដោយប្រើរយៈពេល៧ខែ ដើម្បីអនុវត្តផែនការឲ្យបានរួចរាល់មុនរដូវវស្សាមកដល់៕ ដោយ ៖ កូឡាប