ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ ម្សិលមិញ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ បានមានប្រសាសន៍អំពាវនាវ ឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំ របស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូក មានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាត ឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញ ដែលពាក់ព័ន្ធលើបញ្ហានេះ បានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះចៀសវាងការឆ្លងរីករាលដាល ទៅកាន់ជ្រូកផ្សេងទៀត ដែលនៅក្បែរនោះ៕ដោយ៖កូឡាប