ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋ និងផ្លូវធ្វើដំណើរមួយចំនួន នៅតំបន់ទំនាប ក្នុងក្រុងព្រះសីហនុ មានទឹកជន់លិច។
ទំនាបដែលត្រូវទឹកលិចនោះ មាន ដូចជា៖ នៅស្ពានអូរសំអាត, តាមផ្លូវអឹលវី, និងតំបន់ទំនាបខ្លះទៀតក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤។
ករណីជំនន់ទឹកភ្លៀងនេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ផែនការទៅមន្ត្រីក្រោមឱវាទ ឲ្យនាំយកគ្រឿងចក្រ ដើម្បីកាយបើកផ្លូវទឹក ដើម្បីបង្ហូរទឹកជន់លិច ជាពិសេសកំពុងដោះស្រាយបញ្ហាសំណង់ ដែលសង់រំលោភលើដីចំណីអូរ លូ និងប្រឡាយជាដើម៕ ដោយ៖ ដែន សីមា