ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ បានធ្វើការផ្អាកចរាចរណ៍ផ្លូវទឹកទៅលើទូកក្តា និងអ៊ូប័រតូចធំ ដោយយោងតាមធាតុអាកាសមិនអំណោយផល។
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ គិតត្រឹមវេលាម៉ោង០៨និង១៧នាទី ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ និងប្រជុំកោះរ៉ុង ផ្ទៃមេឃអ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង នៅចន្លោះឃ្លងកម្លាំងខ្យល់បក់ខាងលើខ្លាំង និងទឹករលកខ្ពស់បង្គួរ ។ ចំពោះឆ្នេរអូរឈើទាល ខ្យល់បក់និងទឹករលកបែកផ្កាត្រែង។
ដោយយោងតាមសភាពការណ៍បែបនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាឲ្យ អូរប័រដឹកភ្ញៀវខ្នាតតូច និងមធ្យមផ្អាកដឹកភ្ញៀវបណ្តោះអាសន្ន និងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ពង្រឹងគោលដៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាពលើជលយានយន្តមុន ចេញដំណើរ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្ថែមថា យើងកំពុងតែត្រៀម លក្ខណៈតាមដានលើផ្ទៃសមុទ្រ ដោយយកចិត្តទុក្ខដាក់បន្ថែមទៀត ចំណែកឯទូកធំៗ និងអូរប័រធំៗយើងនឹងអនុញាតឲ្យ ដំណើរការទៅតាមស្ថានភាព ជាក់ស្តែងដោយសារតែមានខ្យល់កន្រ្តាក់លើផ្ទៃទឹក។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានសំណូមពរដល់ ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាស្តាប់ការណែនាំអំពីសមត្ថកិច្ចរបស់ ស្នងការនគរបាលខេត្តដែល កំពុងតែខិតខំតាមដាន សភាពការណ៍នៅក្បែរផែ និងតាមប្រជុំកោះនានា។
ក្រសួងធនធានទឹក និងឧតុនិយមបានចេញ សេចក្តីជូនដំណឹងពិសេស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី មកលើប្រទេសកម្ពុជា ដែលជាហេតុអាចបណ្តាលឲ្យមាន ៖ ១- ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និង
ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ ៤។ ២- ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។ ៣- រលកមានកម្ពស់ពី ១-២ ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ដើម្បីត្រៀមលក្ខណៈទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ដោយ៖កូឡាប