ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩នេះ បានសហការគ្នាជាមួយក្រុមហ៊ុនប្រមូលសំរាម KSWM , មន្ទីរសាធារណការ, មន្ទីរធនធានទឹក និងផ្នែកពាក់ព័ន្ធ មួយចំនួនទៀត បន្តនាំយកគ្រឿងចក្រចុះកាយយកសំរាមចេញពីក្នុងអូរ និងប្រឡាយ សម្រាប់រំដោះទឹក មានទីតាំងក្នុងភូមិ៤ សង្កាត់លេខ៤ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ហើយមានសំរាមកក្ទះរាប់តោន ហូរតាមអូរនាំឲ្យស្ទះចរន្តទឹកហូរ។
ត្រង់ចំណុចនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ ដែលកន្លងមក ធ្លាប់មានទម្លាប់អាក្រក់បោះចោលសំរាម ចូលទៅក្នុងអូរ និងប្រឡាយ ស្នើឲ្យលះបង់ ទង្វើ ឬសកម្មភាពអវិជ្ជមាន របស់ខ្លួនជាបន្ទាន់ ហើយងាកមកចូលរួមវេចខ្ចប់កាកសំណល់សំរាម យកទៅទុកដាក់នៅតាមទីតាំងសមរម្យ ឲ្យបានទាំងអស់គ្នា។
លោកអភិបាល គួច ចំរើន បន្តថា ដើម្បីឲ្យបរិស្ថាន ក្នុងក្រុងព្រះសីហនុ មានសោភ័ណភាព និងមានអនាម័យល្អ និងបញ្ចៀសជំនន់ទឹកភ្លៀងជន់លិចផ្លូវ លិចផ្ទះ របស់ប្រជាពលរដ្ឋ គឺទាមទារឲ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ឲ្យបានទាំងអស់គ្នា៕ ដោយ៖ ដែន សីមា