ខេត្តព្រះសីហនុ៖ ភ្លៀងបន្តធ្លាក់ខ្លាំងយ៉ាងគំហុក កាលពីព្រលប់ថ្ងៃទី៨ បន្តមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បណ្តាលឲ្យផ្លូវធ្វើដំណើរ និងផ្ទះ របស់ប្រជាពលរដ្ឋ រស់នៅតំបន់ទំនាបភាគច្រើន នាទីប្រជុំជនក្រុងព្រះសីហនុ ត្រូវលិចទឹកទាំងស្រុង។
ជំនន់ទឹកភ្លៀងខាងលើនេះ បានវាយលុកទីក្រុងព្រះសីហនុសារជាថ្មីទៀត បន្ទាប់ពីមូលដ្ឋាននេះ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ចាប់តាំងពីព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩មក។
តាមព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា ភ្លៀងមួយមេធំកាលពីយប់មិញ និងបន្តមកដល់ព្រឹកនេះ បានបណ្តាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ទំនាបតាមសង្កាត់មួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវទឹកលិច និងហូរចូលដល់ខាងក្នុងផ្ទះផង។
បញ្ហានេះ តាមព័ត៌មាន ដែលប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន គឺមានប្រជាពលរដ្ឋខ្លះ បានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែត្រូវបានអ្នកភូមិរស់នៅជិតខាងជាមួយគ្នាជួយសង្គ្រោះនាំមកកាន់ដីគោក..។
ចំពោះស្ថានភាពធាតុអាកាស ភ្លៀងធ្លាក់ខ្លាំង កាលពីយប់មិញនេះ អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយត្ន័ពីសុវត្ថិភាពផ្ទាល់ខ្លួននៅតាមក្រុមគ្រួសារនីមួយៗជាប្រចាំៗ៕ ដោយ៖ ដែន សីមា
(រូបភាពចម្រុះអំពីគ្រោះជំនន់ទឹកភ្លៀងនេះ ទទួលបានពីពលរដ្ឋ)