ខេត្តព្រះសីហនុ៖ ប្រធានក្រុមមនុស្សធម៌អូរបី (O3) និងជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) គឺ លោកឧកញ៉ា ទៀ វិចិត្រ។
លោក មានប្រសាសន៍ថា ដោយសង្កេតឃើញស្ថានភាពធាតុអាកាស នាមូលដ្ឋានខេត្តព្រះសីហនុ បានបន្តមានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃឥតស្រាកស្រាននោះ លោកបារម្ភខ្លាចមានបងប្អូនប្រជានេសាទ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរតាមសមុទ្រអាចជួបគ្រោះអាសន្នចៃដន្យណាមួយកើតឡើង។ ឧកញ៉ា ទៀ វិចិត្រ ក៏បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីត្រៀមចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបគ្រោះអាសន្នផ្សេងៗ ដោយចៃដន្យណាមួយនៅលើលម្ហសមុទ្រកើតឡើង ហើយអាចចេញសង្គ្រោះបានទាន់ពេលវេលា។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ក្រុមហ៊ុន ជី.ធី.វី.សី របស់លោកបានត្រៀមទាំងកម្លាំង និងត្រៀមអូប័រចំនួន ១០គ្រឿងរួចជាស្រេច ដើម្បីជួយសង្គ្រោះ បងប្អូនប្រជានេសាទ ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិ ដែលអាចជួបឧប្បត្តិហេតុផ្សេងៗនៅលើលម្ហសមុទ្រ។
ករណីនេះ លោកឧកញ៉ា ស្នើឲ្យអ្នកជាប់ពាក់ព័ន្ធ ឬប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មានមកក្រុមការងារសង្គ្រោះ របស់លោក ឲ្យបានឆាប់ ប្រសិនបើមានព័ត៌មាន បញ្ហាគ្រោះអាសន្នកើតឡើង នៅលើលម្ហសមុទ្រ។
ទាក់ទិនបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានប្រកាសលេខទូរស័ព្ទជូនមហាជន ដើម្បីទាក់ទងមកក្រុមសង្គ្រោះ ក្នុងករណីជួបហេតុការណ៍ ឬគ្រោះអាសន្នផ្សេងៗ កើតឡើងនៅលើលម្ហសមុទ្រ។
សូមទាក់ទងតាមរយៈលេខ៖
០៧៦ ៣៤៥ ៧៧៧៧
០៩៦ ៣៤៥ ៧៧៧៧
០៩៧ ៣៤៥ ៧៧៧៧៕ ដោយ៖ ដែន សីមា