ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ មានទីតាំងនៅស្រុកព្រៃនប់ ត្រូវបានទឹកហូរកាត់ និង ហូរលិចផ្លូវជាងកន្លះម៉ែត្រ។ ដូច្នេះសមត្ថកិច្ចបានសម្រេចបិទចរាចរណ៍ធ្វើដំណើរ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី៩ ខែសីហា ដើម្បីបញ្ជៀសរាល់បញ្ហាគ្រោះថ្នាក់ដែលអាចនឹងកើតមានជាយថាហេតុ។
លោក ជួន ណារិន្ទ បន្តថា ពេលនេះការធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤ នាស្រុកព្រៃនប់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចប្រកាសបិទជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកហូរកាត់ផ្លូវជាតិ មានកម្ពស់ជាងកន្លះម៉ែត្រ។
លោកស្នងការបន្តថា ចំណុចផ្លូវជាតិ ដែលលិចទឹកនោះ ស្ថិតនៅឃុំតានៃ របស់ស្រុកព្រៃនប់។ ព្រមជាមួយគ្នានេះ នៅឯកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីខេត្តកំពត មឆ្ពោះទៅខេត្តព្រះសីហនុ ក៏កំពុងប្រឈមនឹងបិទធ្វើចរាចរណ៍ជាបណ្ដោះអាសន្នដូចគ្នាដែរ។
លោក ជួន ណារិន្ទ ឲ្យដឹងដូច្នេះ រួចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្ដព្រះសីហនុ និងធ្វើដំណើរ ចាកចេញពីខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយរង់ចាំទឹកស្រកចុះវិញ ទើបបើកផ្លូវជាតិត្រង់ចំណុចលិចទឹកខាងលើឲ្យដំណើរការឡើងវិញ។
ចំពោះករណីជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននីមួយម កំពុងដាក់ប្រចាំការតាមដានស្ថានភាពជំនន់ទឹកភ្លៀងនេះ ដោយយកចិត្តទុកដាក់៕ ដោយ៖ ដែន សីមា