សម្តេចតេជោ នាយរដ្ឋមន្ត្រី បានថ្លែងថា ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាយើងបានជួបនូវគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យខេត្តមួយចំនួនទទួលនូវការលិចលង់ ដូចជាករណីនៅខេត្តព្រះសីហនុ។
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា កម្ពុជាយើង ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩នេះ ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តដែលត្រូវប្រឈមឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន។
សូមអរគុណដល់ អាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ដែលបាន យកចិត្តទុកដាក់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។ សូមក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការគ្រោះដល់ប្រជាពលរដ្ឋ៕ ដោយ៖កូឡាប