បាត់ដំបង ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានជោរជន់ឡើងខ្ពស់លើកទី២ម្តងទៀត ដោយសារនៅប៉ែកខាងលើនៃស្រុកសំឡូត មានភ្លៀងធ្លាក់ច្រើនជោកជាំ នៅជាប់ព្រំដែនប្រទេសថៃ ហូរចាក់យ៉ាងច្រើនចូលចំណុចសំណង់ពហុបំណងសេកសក ជាច្រើនមិលី្លម៉ែត្រ ដែលតម្រូវឲ្យមន្ត្រីជំនាញ គ្រប់គ្រងនៅអាងស្តុកទឹកខាងលើ បង្ខំចិត្តបើកទ្វាទឹក តាមបច្ចេកទេស ដើម្បីបន្ធូស្ថានភាពទឹក។
យោងតាមការចេញផ្សាយនៃផេក ហ្វេសប៊ុក របស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១០សីហា បានឲ្យដឹងថា ដោយសារកម្រិតទឹកភ្លៀងខ្ពស់កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅតំបន់ប៉ែកខាងលើ ក្នុងភូមិសាស្ត្រស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បានបង្កឲ្យមានទឹកភ្លៀង ហូរចាក់យ៉ាងច្រើនចូលចំណុចសំណង់ពហុបំណងសេកសក ជាច្រើនមិលី្លម៉ែត្រ សភាពជាក់ស្តែងនេះ តម្រូវឲ្យមន្ត្រីជំនាញ គ្រប់គ្រងនៅអាងស្តុកទឹកខាងលើ បង្ខំចិត្តបើកទ្វាទឹក តាមបច្ចេកទេស ដើម្បីបន្ធូស្ថានភាពទឹក ដែលកើនឡើងខ្ពស់លើសកម្រិត ហើយទឹកភ្លៀងកម្រិតខ្ពស់ខាងលើនេះដែរ បានហូរចុះមកតំបន់ផ្នែកខាងក្រោម ក្នុងស្ទឹងសង្កែ បន្តទៀតរហូតកើនឡើងខ្ពស់ទៅៗ ពីមួយម៉ោងទៅមួយម៉ោង។
ផ្អែកតាមស្ថានការគួរឲ្យគាត់សម្គាល់ដូចគ្នានេះ នៅថ្ងៃដដែលសាលាក្រុងបាត់ដំបង ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយផងដែរ ជូនទៅដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់តាមដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ចៀសវាងជួបបញ្ហាផ្សេងៗ កើតឡើងដោយយថាហេតុ ចំពោះបាតុភូតធម្មជាតិឆ្នាំនេះ។
នេះជាលើកទី២ហើយ ដែលទឹកស្ទឹងសង្កែ បានជន់ឡើងខ្ពស់យ៉ាងលឿន ដែលគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ទឹកមានកម្ពស់១០,៦០ម៉ែត្រ ។ ឯកម្រិតទឹកដែលត្រូវប្រកាសអាសន្ន ក្នុងស្ទឹងមានកម្ពស់១៣,៧៥ម៉ែត្រ៕ដោយ៖កូឡាប