កំពត៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ សីហានេះ បានផ្សាយថា វិវឌ្ឍនភាពនៃការងារអន្តរាគមន៍ ទប់ទឹកកូនសត្វ ឬប្រទាក់ក្រឡា គិតមកទល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទំនប់នឹងត្រូវបិទភ្ជិត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ជូនថា អន្តរាគមន៍បានដំណើរការ គ្មានឈប់សម្រាកទល់ភ្លឺ តាំងពីល្ងាចម្សិលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ ទោះបីអាកាសធាតុ និងទីតាំងស្មុគស្មាញ មិនអំណោយផលក្តី។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលម្អឡេីងវិញក្នុងឆ្នាំ២០០៨។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ថៃ្ងអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកសុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអឡេីងវិញក្នុងឆ្នាំ២០០៨។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។ ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។ ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលាព្រោះសំខាន់បំផុតគឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាងនិងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក្រសួងបានត្រៀមគ្រប់មធ្យោបាយដេីម្បីបេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិចដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រពនិងការផ្គត់ផ្គង់ទឹកស្អាត៕ ដោយ ៖ កូឡាប