បាត់ដំបង៖ មន្ត្រីគ្រប់គ្រង់សាខាកាកបាទក្រហមខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ក៏ដូចជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានទឹកជនន់ បើទោះបីទឹកស្ទឹងសង្កែស្រកចុះបន្តិចយ៉ាងណាក៏ដោយ។
ទោះបីជាស្ថានភាពទឹកជំជន់ដែលហក់ឡើងខ្ពស់បានស្រកចុះបន្តិចទៅវិញក៏ដោយ អង្គភាពសាខាកាកបាទក្រហមខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហាកន្លងមកនេះ បានសេចក្តីអំពាវនាវជាសាធារណ:មួយទៅដល់អាជ្ញាធរ ស្រុក ក្រុង និងឃុំ សង្កាត់ ពិសេសលើមូលដ្ឋានស្ថិតនៅតាមបណ្តោយស្ទឹងសង្កែ និងតំបន់ទំនាប ឯទៀតទាំងអស់ ត្រូវចាត់វិធានការណ៍ផ្សព្វផ្សាយ
អោយបានទូលំទូលាយដល់បងប្អូនប្រជាពលដែលរស់នៅក្នុងតំបន់ប្រឈមត្រៀមបង្ការនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ក្នុងកាលៈទេសៈចាំបាច់នេះអាជ្ញាធរសាខាកាកបាទក្រហមខេត្តបាត់ដំបង បានត្រៀមកម្លាំងក្រុមអ្នកស្ម័គ្រចិត្ត រួចជាស្រេចក្នុងការជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាចៀសវាងជួបគ្រោះថ្នាក់ធម្មជាតិនេះ។
ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់លើសុខភាព ឬអាយុជីវិត ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរួមមាន ប្រជាពលរដ្ឋត្រូវតាមដានពីស្ថានភាពទឹកជំនន់ ត្រៀមទីទួលមានសុវត្ថិភាព ស្បៀងអាហារ ត្រូវប្រុងប្រយ័ត្នការពារកុមារតូចៗមិនឱ្យចុះទឹកដោយមិនមានមនុស្សចាស់នៅជាមួយ ត្រូវរក្សាអនាម័យហូបស្អាត រស់នៅស្អាតជាចម្បង ពេលធ្វើដំណើរតាមទូក ឬកាណូតមិនត្រូវដាក់លើសចំណុះ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក និងត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារសត្វអាសិរ្ពិសផ្សេងៗ គប្បីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយមុនទៅកាន់ទីទួលមានសុវត្ថិភាព ជិតគំនរអុស ឈើ ពិសេសទីកន្លែងសម្រាកពេលយប់អធ្រាត្រជាដើម។
គិតមកត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី១២ សីហានេះ កម្ពស់ទឹកស្ទឹងបានស្រកចុះវិញបន្តិចហើយមានកម្ពស់១១,៣០ម៉ែត្រ ខណៈកម្ពស់ទឹកកាលពីរសៀលថ្ងៃទី១១ សីហា ទឹកស្ទឹងហក់ឡើងខ្ពស់ដល់ចំណុចប្រកាសអាសន្ន១៣,៧៥ម៉ែត្រ៕ ដោយ៖កូឡាប