ភ្នំពេញ៖ សមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើង ពីការជំរុញការត្រួតពិនិត្យបច្ចេកទេស លើការរក្សាទុកដាក់ហ្គាស និងឥន្ធនៈចៀសវាងកើតមានហានិភ័យដោយអគ្គិភ័យ។
ក្រុមប្រឹក្សារាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ នាព្រឹកថ្ងៃទី២១សីហា ដោយមានការអញ្ជើញចូលរួមពីលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៩។
លោកប៉ា សុជាតិវង្ស បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កើតឲ្យមានក្រុមផែនជំនាញចំនួន៥ក្រុម ដែលជាផែនផ្ទៃក្នុង របស់ក្រុមប្រឹក្សាដែលផែននីមួយៗ មានភារកិច្ចទទួលខុសត្រូវពិនិត្យកែសម្រួលខ្លឹមសារដែលបាន ស្នើឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងបង្កឲ្យមានភាពងាយស្រួល មិនចំណាយពេលវេលាច្រើន លើការត្រួតពិនិត្យខ្លឹមសារ។ សមាជិកក្រុមជំនាញទាំង៥ បានលើកឡើងនូវសំណើរ និងសំណូមពរជាច្រើនចំណុច ពាក់ព័ន្ធនឹងបញ្ហាសំរាម នៅជាប់របងសាលារៀន ដោយសុំឲ្យមានការដោះស្រាយ តាមរយៈការជំរុញការអប់រំ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយថែមទៀត និងវិធានការផាកពិន័យ លើអ្នកបោះសំរាមចោលផ្តេសផ្តាស។ សុំធ្វើរបាយការណ៍ឲ្យមានលក្ខណៈប្រមូលផ្តុំបញ្ជាក់ពីលទ្ធផល ដែលយើងខិតខំធ្វើបាន។ សំណើជំរុញការបើកវគ្គ បណ្តុះបណ្តាល និងប្រឡងយកប័ណ្ណបើកបរសម្រាប់អ្នករត់ម៉ូតូកង់បី ធ្វើឲ្យពួកគេចេះច្បាប់បើកបរ ក្នុងពេលអ្នកដំណើរ ផ្ញើវាសនាលើអ្នកបើកបរ។ សមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើង ពីការជំរុញការត្រួតពិនិត្យបច្ចេកទេស លើការរក្សាទុកដាក់ហ្គាស និងឥន្ធនៈចៀសវាង កើតមានហានិភ័យដោយអគ្គិភ័យ។ សមាជិកក្រុមប្រឹក្សា ក៏បានចាប់អារម្មណ៍រឿងព្រះសង្ឃក្លែងក្លាយផងដែរ៕ដោយ៖កូឡាប