ភ្នំពេញ៖ អគាមួយក្នុងបុរីកីឡា ត្រូវបានសមត្ថកិច្ចចម្រុះវាយកម្ទេចចោលនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរលើផេកហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានគ្រឿងចក្រមួយចំនួនកំពុងឈូសឆាយកម្ទេចអគារចាស់មួយ នៅបុរីកីឡា ដែលមានគ្រួសារសេសសល់មួយចំនួន ពុំព្រមទទួលយកដំណោះស្រាយ ដែលផ្តល់ឱ្យដោយអាជ្ញាធរ កំពុងរស់នៅទីនោះ។ អ្នកសារព័ត៌មាន និងក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស ត្រូវបានបដិសេធចូលទៅក្នុងបរិវេណនោះ ដើម្បីយកព័ត៌មាន និងថតយករូបភាព”។
អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡា អះអាងថា ពលរដ្ឋបុរីកីឡាចំនួន ៦នាក់ក្នុងនោះមានកុមារម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទាព្រៃស្ពឺ ហើយពលរដ្ឋ ១២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃុំខ្លួនសាលាខណ្ឌ ៧មករា។
ពលរដ្ឋសហគមន៍ ១៨នាក់នោះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញនេះ បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅនៅលើអគារដែលសមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចចោលក្នុងថ្ងៃទី១៦កញ្ញានេះ។ អាជ្ញាធរខណ្ឌ៧មករា បានចាប់ខ្លួនពលរដ្ឋ ១២នាក់បន្ថែមទៀត ដែលមិនព្រមចាកចេញពីអគារនោះនៅព្រឹកថ្ងៃទី១៦កញ្ញានេះ។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះ សន្យាសង់អគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន ដែលបណ្តាលឱ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង ហើយនាំគ្នាទៅស្នាក់នៅបណ្តោះអាសន្នលើអគារចាស់មួយ ក្នុងសហគមន៍បុរីកីឡារហូតមកដល់សព្វថ្ងៃនេះ។
លិខិតចុះថ្ងៃទី១ ខែសីហាកន្លងមក ដែលសាលារាជធានីភ្នំពេញ កោះហៅពលរដ្ឋបុរីកីឡាមកដោះស្រាយបញ្ចប់នោះ បានឱ្យដឹងថា នៅសហគមន៍មានពលរដ្ឋ ១៤គ្រួសារទៀត ពុំទាន់ទទួលបានសំណងនៅឡើយទេ៕ដោយ៖កូឡាប