កំពង់ចាម ៖ រថយន្ត១គ្រឿងផលិតនៅប្រទេសកូរ៉េ ម៉ាក starex ដែលម្ចាស់របស់វាបានកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកអីវ៉ាន់សំពីងសំពោង បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃ និងកម្លាំងចរាចរណ៍ខេត្តកំពង់ចាម ចាប់ឃាត់ទុក នៅម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះដឹកនាំដោយកម្លាំងជំនាញសណ្ដាប់ ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃ សហការជាមួយកម្លាំងចរាចរណ៍ខេត្ត កំពង់ចាម បានឃាត់រថយន្ត១គ្រឿង ម៉ាកstarex ពាក់ស្លាកលេខបន្ទាយមានជ័យ ២A.៦៣១៤ បើកបរដោយឈ្មោះ រ៉ឺន រ៉ើន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់រថយន្តនោះដោយសារមូលហេតុ រថយន្ដនេះដឹកអីវ៉ាន់សំពីងសំពោង ដឹកអីវ៉ាន់លើសចំណុះ គ្មានប័ណ្ណបើកបរ គ្មានសៀវភៅឈៀកអាជីវកម្ម ដោយសមត្ថកិច្ចបានធ្វើការផាកពិន័យតាមច្បាប់កំណត់។
លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខេត្ត សហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ ចំណតរថយន្ត និងតំបន់សាធារណៈនៅទីប្រជុំជនផ្សារស្គន់ បានឃើញ រថយន្ដ១គ្រឿងនេះ កំពុងចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ដោយដឹកសំពីងសំពោង កែច្នៃខុសលក្ខណបច្ចេកទេស ទើឃាត់រថយន្ត និងបានហៅតៃកុងឡានមកសួរនាំ ។ ម្ចាស់រថយន្ដនោះ ក៏បានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា ខ្លួនខុសច្បាប់ច្រើនករណីមែន ក៏យល់ព្រមឲ្យសមត្ថកិច្ចជំនាញផាកពិន័យតាមច្បាប់។ នគរបាល បានយករថយន្ដនោះ មករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកឈើងព្រៃ រងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ