ខេត្តព្រះសីហនុ៖ ប្រពលរដ្ឋ និងភ្ញៀវទេសចរ មានការភ្ញាក់ផ្អើលកាលបើឃើញកាកសំណល់ផ្សេងៗ ជាពិសេសសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ បានអណ្តែតនៅលើលំហសមុទ្រ នាចុងឆ្នេរអូរឈើទាល ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ចំពោះបញ្ហាកាកសំណល់ផ្សេងៗ និងសំរាមខាងលើនេះ ត្រូវបានគេមើលឃើញថា បានហូរតាមអូរឬប្រឡាយ ចេញពីកណ្តាលទីប្រជុំជនក្រុងព្រះសីហនុ ដោយហូរត្រង់ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ នៅពេលមានភ្លៀងធ្លាក់មកខ្លាំង។
តាមការសង្កេត ចំពោះបញ្ហាកាកសំណល់សំរាម ដែលហូរ ឬកកស្ទះនៅតាមអូរ និងប្រឡាយ នាក្រុងព្រះសីហនុ មួយផ្នែកបណ្តាលមកពីប្រជាពលរដ្ឋ ឬអ្នកមានលំនៅដ្ឋានរស់នៅក្បែរអូរប្រឡាយមួយចំនួន បានបោះកាកសំណល់ចូលក្នុងអូរ និងប្រឡាយក្បែរផ្ទះ ដោយគ្មានសណ្តាប់ធ្នាប់។
ភាពគ្មានរបៀប នៃការបោះចោលសំរាមខាងលើនេះ អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ក៏ធ្លាប់បានចុះណែនាំ អប់រំប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ក៏ប៉ុន្តែភាពគ្មានរបៀប នៃការបោះចោលសំរាម របស់ប្រជាពលរដ្ឋមួយចំនួននៅតែបន្តកើតមានដដែល។
កន្លងមកនេះ រាល់ការចុះសម្អាត ឬស្តាអូរប្រឡាយ របស់អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ក្នុងមួយលើកៗ មានកាកសំណល់សំរាមរាប់តោន ត្រូវបានអាជ្ញាធរកាយយកចេញពីក្រោមស្ពាន និងអូរ-ប្រឡាយនានា ក្នុងក្រុងព្រះសីហនុ។
ផ្តើមពីបញ្ហានេះ ទើបមានសំរាមខ្លះបានរសាត់ហូរតាមអូរ ឬប្រឡាយធ្លាក់ត្រង់ចូលទៅសមុទ្រផ្ទាល់ នាំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរធ្ងន់ធ្ងរ។
ដោយឡែកចំពោះ កាកសំណល់មួយចំនួនទៀត ដែលបានកកស្ទះលូ អូរ និងប្រឡាយ មួយផ្នែកទៀត ក៏អាចបណ្តាលពីក្រុមហ៊ុនប្រមូលសំរាម KSWM ចេញប្រមូលសំរាមមិនបានទៀងទាត់ ឬក៏យឺតយ៉ាវក្នុងការប្រមូលសំរាម ទើបនៅពេលមានភ្លៀងធ្លាកខ្លាំងមកម្តងៗ ជំនន់ទឹកភ្លៀង បានហូរនាំ កាកសំណល់សំរាម ចូលទៅក្នុងអូរ និងប្រឡាយជាដើម។
ត្រង់ចំណុចនេះ មន្ត្រីមន្ទីរបរិស្ថានបានឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋ មិនបញ្ឈប់ការបោះសំរាម ចូលអូរ ឬប្រឡាយទេ ឬមិនបានចូលរួមសម្អាតអនាម័យសំរាម ឱ្យបានទាំងអស់គ្នាទេ នោះបញ្ហាសំរាម នឹងមិនអាចដោះស្រាយបានឡើយ។ ជាងនេះទៀត ចំពោះសំរាម ដែលប្រជាពលរដ្ឋវេចខ្ចប់រួចហើយ ខាងក្រុមហ៊ុនដឹកសំរាម ចាំបាច់ត្រូវបង្កើនសកម្មភាពប្រមូលដឹកជញ្ជូនចេញឲ្យអស់ ពីក្នុងក្រុងជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យនៅពេលមានភ្លៀងមកម្តងៗ បានហូរនាំយកសំរាមតាមទឹក និងធ្លាក់ចូលអូរ-ប្រឡាយ។ ហើយទីបំផុតបានហូរត្រង់ចុះទៅសមុទ្រ ដែលនាំឲ្យប៉ះពាល់ដល់សោភ័ណភាពឆ្នេរសមុទ្រ និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរធ្ងន់ធ្ងរ។
ត្រង់ចំណុចនេះ អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានរំលឹកដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសម្អាតសំរាម ឲ្យបានគ្រប់គ្នា ទើបអាចដោះស្រាយបញ្ហាសំរាម បានជោគជ័យ។ បន្ថែមលើនេះ មិនត្រូវចាត់ទុកថា បញ្ហាសំរាម គឺជាការទទួលខុសត្រូវផ្តាច់មុខ របស់អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឬក្រុមហ៊ុនវិនិយោគប្រមូលសំរាម KSWM ឲ្យសោះ៕ ដោយ៖ ដែន សីមា