ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉ោង ១២និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរកំបុត ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀង បានហូរកាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរកំបុត ប្រវែងប្រមាណ ៤០០ម៉ែត្រ។ ហើយថា កម្ពស់បានទឹកហូរកាត់ថ្នល់ប្រមាណ១តឹក ។
បច្ចុប្បន្ននេះ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ម្តងមួយផ្លូវ ឬម្តងមួយខ្សែៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
យ៉ាងណាក៏ដោយចុះ រហូតមកដល់រសៀលម៉ោង៣ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ចរាចរណ៍នៅបន្តបើកឆ្លងកាត់ត្រង់ចំណុចលិចទឹកខាងលើនៅឡើយ ព្រោះកម្ពស់ទឹកឡើងមិនទាន់ដល់ចំណុច ត្រូវប្រកាសអាសន្ននៅឡើយទេ។
យ៉ាងនេះក្តី សមត្ថកិច្ចបញ្ជាក់ថា កម្ពស់ទឹកនៅតែបន្តជន់ឡើងជាលំដាប់ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរកំបុតខាងលើនេះ៕ ដោយ៖ ដែន សីមា