ភ្នំពេញ៖ ការចរចាបន្តសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជាឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ១៩៥ដុល្លារក្នុង១ខែ ខណៈដែលនិយោជកសុំត្រឹម១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ១៨៧ដុល្លារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានថ្លែងថា ភាគីនីមួយៗនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសនូវគោលជំហរចុងក្រោយរៀងខ្លួន ដែលក្នុងនោះភាគីតំណាងនិយោជកបានស្នើសុំតួលេខ ១៨៦ដុល្លារអាមេរិក រីឯភាគីតំណាងកម្មករនិយោជិត បានស្នើសុំតួលេខ ១៩៥ដុល្លារអាមេរិកនិង ភាគីរាជរដ្ឋាភិបាលបានដាក់តួលេខ ១៨៧ដុល្លារអាមេរិក ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២០។
យ៉ាងណាក៏ដោយតួលេខនេះ កាន់តែខិតជិតចូលគ្នា ខ្លាំងជាងការចរចាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់ក្រសួងការងារ ដែលសូមគោរពជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ៖
កម្មវត្ថុ៖ របាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០។
របាយការណ៍បានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបន្តប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ ចំនួន ៥ថ្ងៃ ស្មើនឹង ១៨លើក បន្តទៀត ក្រោយពីបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងទទួលបានវឌ្ឍនភាពដូចខាងក្រោម ៖
– កិច្ចប្រជុំថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩៖ បានបន្តស្តាប់វាស៊ុនជំនាញចំនួន ២រូប គឺបទបង្ហាញស្តីពី “បរិយាកាសវិនិយោគនៅកម្ពុជា” ដោយ លោក លឹម វិសាល ជំនួយការលោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបទបង្ហាញស្តីពី “កត្តាកំណត់ និងផលប៉ះពាល់នៃប្រាក់ឈ្នួលអប្បបរមា ដោយ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ដើម្បីឱ្យភាគីនីមួយៗយល់កាន់តែច្បាស់ថែមទៀតអំពីលក្ខណវិនិច្ឆ័យ ទាំង៧ និងផ្តល់ជាធាតុចូលសម្រាប់កិច្ចពិភាក្សា។
– កិច្ចប្រជុំថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩៖ បន្តកិច្ចប្រជុំពិភាក្សាលើតួលេខប្រាក់ឈ្នួលអប្បបរមា (បង្ហាញជំហរបឋមចំដោយភាគីកម្មករនិយោជិតបានបង្ហាញជំហរបឋមចំនួន ១៩៩ដុល្លារអាមេរិក និងភាគីនិយោជក
បានបង្ហាញជំហរបឋមចំនួន ១៨៤ដុល្លារអាមេរិក។
កិច្ចប្រជុំថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩៖ បន្តកិច្ចប្រជុំពិភាក្សាលើតួលេខប្រាក់ឈ្នួលអប្បបរមា ដោយភាគីកម្មករនិយោជិតបានបន្ថយពីតួលេខ ១៩៩ដុល្លារអាមេរិក មកត្រឹម ១៩៧ដុល្លារអាមេរិក និងភាគីនិយោជកបានបង្កើនពីតួលេខ ១៨៤ដុល្លារអាមេរិក ទៅ ១៨៤,៥០ដុល្លារអាមេរិក។
– កិច្ចប្រជុំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩៖ សម្របសម្រួលកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងនៃភាគីកម្មករនិយោជិត, ផ្ទៃក្នុងភាគីនិយោជក, និងកិច្ចប្រជុំទ្វេភាគីរវាងភាគីរាជរដ្ឋាភិបាល និងភាគីតំណាងកម្មករនិយោជិត, និងរវាងភាគីរាជរដ្ឋាភិបាល និងភាគីនិយោជក, និងទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ ដូចខាងក្រោម៖
តំណាងភាគីកម្មករនិយោជិតបានឯកភាពយកតួលេខចំនួន ១៩៥ដុល្លារអាមេរិក គឺជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត។
តំណាងភាគីនិយោជកបានឯកភាពយកតួលេខ ១៨៦ដុល្លារអាមេរិក គឺជាសំឡេងឯកច្ឆន្ទភាពផ្ទៃក្នុងរបស់តំណាងភាគីនិយោជក។
តំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្របានកំណត់តួលេខចំនួន ១៨៧ដុល្លារអាមេរិក។
លោកហេង សួរ បានលើកឡើងថា ដោយតួលេខនៃភាគីនីមួយៗនៅមានគម្លាតឆ្ងាយ ទោះបីជាបានប្រជុំពិភាក្សាជាលក្ខណៈផ្ទៃក្នុងលក្ខណៈទ្វេភាគី និងលក្ខណៈត្រីភាគីជាច្រើនលើកក៏ដោយ និងយោងតាមមាត្រា១២ និង១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា យើងខ្ញុំសូមគោរពដាក់ជូន លោកប្រធាន នូវគោលជំហរចុងក្រោយនៃតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យសម្រេច ឬបោះឆ្នោតទៅតាមនីតិវិធីដែលបានកំណត់ដូចខាងក្រោម ៖
តួលេខ ១៩៥ដុល្លារអាមេរិក ជាតួលេខចុងក្រោយរបស់តំណាងភាគីកម្មករនិយោជិត។
តួលេខ ១៨៦ដុល្លារអាមេរិក ជាតួលេខចុងក្រោយរបស់តំណាងភាគីនិយោជក។
តួលេខ ១៨៧ដុល្លារអាមេរិក ជាតួលេខរបស់តំណាងភាគីរាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ភាគីតំណាងកម្មករនិយោជិត និងភាគីនិយោជកសូមដាក់ជូននូវសំណើដោយឡែក
របស់ខ្លួន ដូចខាងក្រោម៖
សំណើរបស់ភាគីតំណាងកម្មករនិយោជិត (សហជីព)គឺសូមនិយោជកផ្តល់អាហារថ្ងៃត្រង់មួយពេល ឬប្រាក់ថ្លៃបាយអាហារថ្ងៃត្រង់ចំនួន ១ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ សូមនិយោជកផ្តល់មធ្យោបាយដឹកកម្មករនិយោជិតឱ្យកាន់តែមានសុវត្ថិភាព ឬផ្តល់ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរចំនួន ១៥ដុល្លារអាមេរិក។
៣-សូមសម្រួលការចុះបញ្ជីកាសហជីពមូលដ្ឋាននៅខេត្តកំពង់ស្ពឺ។
សូមរាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃអគ្គិសនី និងទឹកស្អាតនៅតាមផ្ទះជួល នឹងពង្រីកបណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ដែលមានកម្មករនិយោជិតស្នាក់នៅ ជាពិសេសនៅខេត្ត និងតំបន់ដែលមានកម្មករនិយោជិតស្នាក់នៅ។
សូមក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពង្រីកវិសាលភាពនៃប្រាក់ឈ្នួលអប្បបរមាទៅវិស័យមួយចំនួនដូចជា សំណង់ ទេសចរណ៍ និងសេវាកម្ម។
ស្នើសុំកុំកំណត់ចំនួនផលិតហួសកម្លាំងកម្មករនិយោជិត ។
ស្នើសុំទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីពឱ្យចូលធ្វើការវិញ។
ស្នើសុំរាជរដ្ឋាភិបាលត្រូវធានាកុំឱ្យថ្លៃបន្ទប់ជួលឡើងថ្លៃ។
សូមបន្តសម្រួលការដកពាក្យបណ្តឹងលើថ្នាក់ដឹកនាំសហជីព។
រក្សាថ្ងៃឈប់បុណ្យមានប្រាក់ឈ្នួលមួយចំនួនឡើងវិញ។
ស្នើសុំក្រសួងសុខាភិបាលពង្រឹងគុណភាពសេវាសុខាភិបាល។
ស្នើសុំ ប.ស.ស បង្កើនចំនួនបុគ្គលិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស។
ស្នើសុំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅតាមកន្លែងការងារ។
សំណើរបស់ភាគីតំណាងនិយោជកចំពោះរាជរដ្ឋាភិបាលគឺសំណូមពររាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀតលើអត្រា ដែលបានសម្រេច០,១៤៧ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ឆ្នាំ២០១៨នេះ។ អត្រាសម្រាប់ឆ្នាំ២០២០ តួរត្រូវកំណត់ត្រឹម ០,១២៧ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង។
សមាគមសំណូមពរផងដែរឱ្យមានប្រសិទ្ធភាព និងសង្គតិភាពក្នុងការអនុវត្ត ក្នុងឆ្នាំ២០១៩កន្លងមកនេះ នៅកន្លែងខ្លះមានការយកថ្លៃលើសតម្លៃ ០,១៤៧ដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលបានសម្រេចយល់ព្រមក្នុងពេលចរចាប្រាក់ឈ្នួលកាលពីឆ្នាំមុន។
សំណូមពរឱ្យរាជរដ្ឋាភិបាលបន្ទាបកម្រិតអត្រាយកពន្ធលើប្រាក់ចំណេញពី ២០% មកនៅត្រឹម ១៥% សម្រាប់ឧស្សាហកម្មនាំចេញ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគបច្ចុប្បន្ន ក៏ដូចជាអ្នកវិនិយោគថ្មី ជាពិសេសអ្នកវិនិយោគដែលមានបំណងផ្លាស់ប្តូរទីតាំងផលិតពីប្រទេសចិនមកប្រទេសកម្ពុជា ក្នុងអំឡុងពេលមានសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។
ពន្លឺនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យភស្តុភារ (Logistics) និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀតពាក់ព័ន្ធការនាំចេញ-នាំចូល ជាពិសេសកម្រៃដែលទាក់ទងនឹងការបញ្ចេញទំនិញពីគយ។
សំណូមពរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើអធិការកិច្ចការងារដោយឈរលើគោលការណ៍គ្រប់គ្រងហានិភ័យ ដោយចុះធ្វើតែម្តងក្នុងមួយឆ្នាំចំពោះរោងចក្រ ។
សហគ្រាសណាដែលមានកម្រិតអនុលោមភាពផ្នែកការងារខ្ពស់ ដូចបានបង្ហាញក្នុងរបាយការណ៍ ILO-BFC។ លើសពីនេះទៀត សមាគមសំណូមពរឱ្យក្រសួងអនុវត្តសេវា ។
សៀវភៅការងារកម្មករនិយោជិតខ្មែរ និងសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស តាមប្រព័ន្ធអនឡាញបន្ថែមទៀតដើម្បីបង្កើនល្បឿននៃការផ្តល់សេវា និងជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាមិនចាំបាច់មួយចំនួនដោយវិស័យឯកជន និងកម្មករនិយោជិត៕ ដោយ៖កូឡាប