ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹង បន្ទាប់ពីការសង្កេត ពិនិត្យនិងតាមដានជាប្រចាំ បង្ហាញឲ្យឃើញថា ៖ អាកាសធាតុ ក្នុងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលតម្រូវឲ្យមាន ការជូនដំណឹងបន្ថែមជាបន្តបន្ទាប់ ។
ដោយសារឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងលើ បានធ្លាក់ចុះសង្កត់លើប្រព័ន្ធសម្ពាធទាប (ITCZ) ធ្វើឲ្យប្រព័ន្ធធ្លាក់រំកិលចុះមកក្រោមអូសបន្លាយលើភាគខាងត្បូង នៃកម្ពុជាយើងសារជាថ្មី ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ នៅបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង ។ ដោយឡែកនៅថ្ងៃទី២៤-២៥ ភ្លៀងមានភាពរអាក់រអួលបន្តិច ។ នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។
ក្រសួងដដែល បានស្នើសូមសាធារណជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមាន ជាពិសេសនៅថ្ងៃទី ២៦-២៩ ខែកញ្ញា ឆ្នាំ២០១៩៕ ដោយ៖កូឡាប