តាកែវ៖ អភិបាលខេត្តតាកែវ ជំរុញឲ្យអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ សិក្សាពីស្ថានភាពទឹកជន់ឡើង និងផលប៉ះពាល់មួយចំនួន ដែលជាកត្តានាំឲ្យខូចខាតផ្លូវលើខ្នងទំនប់ នៅឃុំបុរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។
ឆ្លងកាត់ការចុះពិនិត្យជាក់ស្តែងលើផ្លូវ ក្នុងស្រុកបូរីជលសារ នាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩នេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្រៅពីត្រៀមលក្ខណៈ ជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារតែទឹកជំនន់ អាជ្ញាធរត្រូវជួយទប់ស្កាត់ជាមុនចំពោះការលិចផ្លូវសំខាន់ៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការជីកដីដាក់បាវខ្សាច់ទប់ច្រាំងកុំឲ្យបាក់ផ្លូវ ។ ប្រសិនបើផ្លូវនេះ ត្រូវបាក់ឬលិចលង់ដោយ សារតែទឹកជំនន់ វានិងបង្កបញ្ហារំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកបូរីជលសារ ទៅរកសេវាផ្សេងៗ នៅសាលាស្រុកបូរីជលសារ ដូច្នេះមន្ត្រីជំនាញនិងអាជ្ញាធរ ត្រូវតែសហការគ្នា ចូលរួមទប់ស្កាត់និងបង្ការលើបញ្ហានេះទុកជាមុន ។
ទទឹមនិងបញ្ហាទឹកជនឡើងនេះដែរ លោកអភិបាលខេត្តតាកែវ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលរដូវទឹកជន់ឡើងនេះ ចំពោះកូនតូចៗ ដែលមានឳពុកម្តាយខ្លះ បាននាំ គ្នាទៅធ្វើការនៅឆ្ងាយ និងទុកកូនតូចៗឲ្យជីដូន ឬយាយតា ជាអ្នកមើលថែជំនួសវិញ ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានឲ្យអាជ្ញាធរស្រុក និងកងកម្លាំងទាំង ៣ប្រភេទ ដែលមានមូលដ្ឋាននៅជាប់នូវតំបន់ដែលកំពុងទឹកជន់ឡើងនេះ ត្រូវតែត្រៀមសម្ភារសម្រាប់ជួយសង្គ្រោះ ដូចជាអាវប៉ោង ទូក និងរកទីទួលសុវត្ថិភាព សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វចិញ្ចឹមរបស់ពួកគាត់ នៅពេលជួបគ្រោះទឹកជំនន់ ៕ដោយ៖ តាកែវ