ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យធនាគារ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។ រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា។
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា២០១៩)។
ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី ៧ មករា ១៩៧៩។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញពីចំណុចសូន្យ ដែលបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយជោគជ័យ ហើយមកទល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានពង្រឹងសមត្ថភាពខ្លួនជាលំដាប់ ដោយបានបង្កើតសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធនាគារប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យធនាគារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ ក៏ត្រូវបានយកចិត្តទុកដាក់កែលម្អជាប្រចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ផងដែរថា វិស័យធនាគារ គឺសំខាន់ខ្លាំងណាស់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ កម្ពុជាបានបង្កើតធនាគារកណ្ដាលឡើងវិញ បន្ទាប់ពីរបបប៉ុលពតបានបំផ្លាញចោល ទាំងស្រុងពេលដែលពួកគេដឹកនាំប្រទេស ដែលមានរយៈពេល៣ឆ្នាំ ៨ ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩) ។ បន្ទាប់មករដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ទាំងមូលឡើងវិញ។ តាមរយៈធនាគារកណ្ដាល គឺបានជួយសម្រួលក្នុងការដោះស្រាយ និងចរាចររូបិយវត្ថុប្រាក់រៀលឡើងវិញ ដើម្បីរួមចំណែកដល់ការស្ដារវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានពង្រឹងអត្តសញ្ញាណជាតិ ជាពិសេសដើម្បីបង្ហាញពិភពលោកពីភាពស្រស់ថ្លា នៃអធិបតេយ្យភាពរបស់កម្ពុជា ដែលត្រូវបានស្ដារឡើងវិញ ពីក្រោមសូន្យ ឲ្យមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅលើពិភពលោកនេះ មិនមានប្រទេសណា ដែលមានស្ថានភាពដូចកម្ពុជានោះទេ គឺនៅចុងសតវត្សរ៍ទី២០ទៅហើយ មិនមានរូបិយវត្ថុប្រើប្រាស់ផ្ទាល់ខ្លួននៅឡើយ មានតែការដោះដូរទំនិញគ្នាតែប៉ុណ្ណោះ។ សម្តេចបន្តថា ក្នុងរបបបប្រល័យពូជសាសន៍ ប៉ុល ពត យើងមិនមានក្រដាសប្រាក់សម្រាប់ចាយទេ ហើយនៅពេលដែលយើងចាប់ផ្តើមចង់បោះក្រដាសប្រាក់នោះ គឺពេលនោះយើងមិនមានម៉ាស៊ីនបោះពុម្ពក្រដាសប្រាក់ឡើយ គឺពេលនោះគឺយើងត្រូវទៅបោះពុម្ពនៅបរទេស។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីប្រវត្តិ និងភាពខ្ទិចខ្ទាំរបស់ប្រទេសកម្ពុជាក្នុងអតីតកាល ដែលវិស័យផ្សេងៗស្ទើរតែទាំងអស់ត្រូវបានបំផ្លាញខ្ទេចខ្ទី រួមទាំងវិស័យធនាគារផងដែរ ដែលមិនបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកលូតលាស់ឡើយ។ ក៏ប៉ុន្តែ ក្រោយពីមានកំណែទម្រង់នយោបាយផ្ទៃក្នុង របស់កម្ពុជាក្នុងគោលដៅសម្រេច ឲ្យបាននូវការចរចារកសន្តិភាព គឺកម្ពុជាទទួលបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយជាបន្តបន្ទាប់ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ច ទៅនឹងហានិភ័យនានា។ ដូច្នេះដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១)ធនគារាជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និង អធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងហិរញ្ញវត្ថុ ។ ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិ រយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ ។
២)ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តន៍ផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពសំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។
៣)ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួលទទួលបាន តម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យ នៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។
៤)ធនាគារជាតិនៃកម្ពុជា ស្ថាប័នញក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹង ផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ហើយត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានាដែលឤច
កើតឡើងជាយថាហេតុ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
៥)ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ ៕ដោយ៖កូឡាប