ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពី បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយមបាន សេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពអាកាសធាតុ ៖ តាមរយៈនៃការតាមដាន នូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា មានសម្ពាធទាបសកម្មមួយ (Active Low Pressure) កំពុងចូលមកដល់ ក្នុងសមុទ្រចិនខាងត្បូង ។ សម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី ៦២ ដែលអាចមានឈ្មោះម៉ាត់ម៉ូ (MATMO)_ចូលដល់ភាគខាងត្បូងវៀតណាម នៅថ្ងៃទី ៣១ ខែតុលា ។ នឹងបន្ថយឥទ្ធិពលទៅជា
សម្ពាធទាបសកម្ម (Active Low) រួចចូលមកកម្ពុជាយើងភាគខាងត្បូងនៅថ្ងៃទី ១ ខែវិច្ឆិកា ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ចាប់ពីថ្ងៃទី ១ -៧ ខែវិច្ឆិកា បណ្តារាជធានី ខេត្តនានា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះ ៖ តំបន់វាលទំនាបកណ្ដាល តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិត បរិមាណពីបង្គរទៅច្រើន ។ បណ្ដាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គរ ។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានព្យាករខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះភ្លៀង , ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង៕ ដោយ៖កូឡាប