ភ្នំពេញ៖ ថ្ងៃស្អែកទី១០ ខែមករាឆ្នាំ២០១៨នេះ នឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។ កិច្ចប្រជុំនេះ នឹងនាំមកនូវគម្រោងអភិវឌ្ឍន៍ជាច្រើន សម្រាប់ប្រជាជាតិ រស់នៅតាមដងទន្លេមេគង្គ ហើយដែលភ្ជាប់ទៅទន្លេឡានឆានប្រទេសចិន ដែលក្នុងនោះមានប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម ភូមា និងប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារក្នុងផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៩ខែមករានេះថា ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនភាពរបស់ជាតិយើង ទាំងមូល ដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។
កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ធ្វើនៅកម្ពុជា។
ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា ។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។
កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារសំខាន់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនេះ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង នឹងអញ្ជើញបំពេញទស្សនកិច្ចបន្តនៅកម្ពុជាផងដែរ៕ ដោយ៖កូឡាប