Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រាវជ្រាវ​កំណាយ​រកឃើញ​ផូស៊ីល​ដើមឈើ​ប្រវែង​១៤​ម៉ែត្រ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តរតនគិរី​

​ខេត្តរតនគិរី​៖ អ្នកស្រាវជ្រាវ​បុរាណវិទ្យា នៅ​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០១៩ បានធ្វើ​កំណាយ រកឃើញ​ផូស៊ីល​ដើមឈើ បាន​ប្រវែង​១៤​ម៉ែត្រ​រួចហើយ​នៅលើ​ទីតាំង​គម្រោង​ស្រាវជ្រាវ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុងស្រុក​លំផាត់ ខេត្ត​រតនគីរី​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៣០​ខែតុលា​។​

​លោក លឹម វណ្ណ​ច័ន្ទ ប្រធានការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន អ្នកបច្ចេកទេស​មកពី​រាជបណ្ឌិត្យសភាកម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រាវជ្រាវ​អំពី​សត្វ អ្នក​ធរណីវិទ្យា និង​ក្រុមការងារ​ស្ម័គ្រចិត្ត នឹង​បន្តធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ លើ​ផូស៊ីល​ដើមឈើ រយ​:​ពេល ១​សប្តាហ៍​កន្លងមកហើយ​។ នៅពេលនេះ ក្រុមការងារ​បន្ត​កំណាយ លើ​ទីតាំង​បន្ថែមទៀត ព្រោះ​អ្នកស្រាវជ្រាវ បាន​រកឃើញ​សំណាក​មាន​មែកឈើ និង​សង្ស័យ​មាន​ដើមឈើ​ថ្ម​នេះ​ហាក់ជា​ដួល​សង្កត់​លើ​ដើមឈើ​។ លោក លឹម វណ្ណ​ច័ន្ទ បាន​បន្តថា នេះ​ជា​គម្រោង​ស្រាវជ្រាវ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ លើ​ផូស៊ីល​ឈើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អ្នកជំនាញ​ពាក់ព័ន្ធ​បុរាណវិទ្យា ហើយ​គម្រោង​នេះ បានទទួល​ការគាំទ្រ​ផ្តួចផ្តើម​ដោយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មាន​សហការ​ពី​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់​នៃ​ខេត្តរតនគិរី មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ​វាល​កំបោរ​។​

​លោក លឹម វណ្ណ​ច័ន្ទ បាន​បញ្ជាក់ដែរថា គោលបំណង​នៃ​ការធ្វើ​កំណាយ សិក្សា​ស្រាវជ្រាវ​នេះ នឹង​ប្រមូល​ទិន្នន័យ និង​សំណាក​សម្រាប់​ចងក្រង​ជា​ឯកសារ វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ នៅ​កម្ពុជា​។​

​លោក សៀង សុថា អតីត​ប្រធាន​នាយកដ្ឋាន​ភូគព្ភសាស្ត្រ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ជាមួយ​ក្រុមការងារ​ដោយ​យល់ថា ជា​គម្រោង​មាន​សារសំខាន់ សម្រាប់​ការស្រាវជ្រាវ​រកឃើញ​ផូស៊ីល​ឈើ​ថ្ម ដែល​អាច​កើតឡើង​មាន​អាយុ​រាប់លាន​ឆ្នាំ​។ លោក​ជំនាញ​ផ្នែក​ដី​នេះ បានបញ្ជាក់ ការរកឃើញ​ថ្មី​នេះ ជា​ប្រយោជន៍​សំខាន់ នៃ​ការសិក្សា​ស្រាវជ្រាវ របស់​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ការវិវត្តន៍​ថ្មី នៃ​ការស្រាវជ្រាវ​របស់​កម្ពុ​ជា​លើ​កំណាយ​សិក្សា​លើ​ផូស៊ីល​ឈើ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​ស្រាវជ្រាវ​លើ​ផូស៊ីល​ដើមឈើ បានចាប់ផ្តើម​គម្រោងរ​បស់​ខ្លួន ពីថ្ងៃ​២២ ខែតុលា ហើយ​បន្ត​ដល់​ថ្ងៃ​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ក្រុមការងារ កំពុង​បន្ត​ពិនិត្យ​ទីតាំង​ផូស៊ីល​ឈើ ចំនួន​១៨​កន្លែង​ផ្សេងទៀត ក្បែរ​នោះ សង្ស័យ​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានបង្ហាញ​សេចក្តី​សង្ឃឹមថា តំបន់​នេះ នឹង​អាច​ប្រែក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ជាទី​តាំង​ទាក់ទាញ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម ដល់​សិស្ស និស្សិត ដែល​អាចជា​ប្រយោជន៍ នៃ​លើកកម្ពស់​ការថែរក្សា​ធនធានធម្មជាតិ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​។ លោក​នឹង​រៀបចំ​បង្កើតជា​ស្នាក់ការ​នៃ​តំបន់ការពារធម្មជាតិ ដើម្បី​ការពារ​តំបន់​កំណាយ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

×