ព្រះសីហនុ៖ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចាត់វិធានការក្តៅតាមផ្លូវច្បាប់ ទៅលើម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំៗទាំងឡាយណា ដែលនៅបន្តបើករថយន្តធុនធ្ងន់ ឬរថយន្តដឹកទំនិញធំៗរបស់ខ្លួន ចូលក្នុងក្រុងពេលថ្ងៃ និងចតតាមចិញ្ចើមផ្លូវ នាំឲ្យស្ទះផ្លូវធ្វើដំណើរ ព្រមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍។
អភិបាលរងខេត្តព្រះសីហនុ លោក ជា វិជ្ជាក់ ផ្តល់សម្ភាសឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលាថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធ រួមមានមន្ត្រីសាធារណៈការ និងដឹកជញ្ជូន កម្លាំងនគរបាលចរាចរណ៍ កម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធច្រើនស្ថាប័នទៀត នៃរដ្ឋបាលខេត្តនេះ បានចុះណែនាំសេចក្តីជូនដំណឹង ស្តីអំពីការហាមឃាត់ប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ មិនឲ្យធ្វើចរាចរណ៍ចូលក្រុងពេលថ្ងៃ និងតម្រូវឲ្យលាងសំអាតកង់ ឬតួរថយន្តឲ្យបានស្អាត មុនពេលបើកបរតាមផ្លូវសាធារណៈ ពិសេសបើកចូលទីប្រជុំជនក្រុងព្រះសីហនុ។
លោកបន្តថា បំរាមនេះ កម្លាំងចម្រុះ បានចុះអនុវត្តនៅតាមទីតាំងមួយចំនួន មាននៅតាមផ្លូវចាប់ពីស្ថានីយប្រេងឥន្ធនៈសូគីម៉ិចកែងរ៉ារទេះភ្លើង រហូតដល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចុះអនុវត្តនៅចំណុចតាមផ្លូវជាតិលេខ៤ និងបានចុះទៅណែនាំដល់ទីតាំងក្រុមហ៊ុន សូ ងួន និង ក្រុមហ៊ុន ក្រឡុកស៊ីម៉ងត៍ អ៊ុយ ញ៉ុងជាដើម មានទីតាំងក្នុងក្រុងព្រះសីហនុ។
សេចក្តីជូនដំណឹងនេះ លោក ជា វិជ្ជាក់ និងក្រុមការងារ បានផ្សព្វផ្សាយឲ្យតំណាងក្រុមហ៊ុននីមួយៗ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាថែរក្សាបរិស្ថាន ក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យមានសោភ័ណ្ឌភាព ជាពិសេសទប់ស្កាត់រាល់ការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ដើម្បីអនុវត្តការងារនេះ ឲ្យទទួលបានជោគជ័យ លោក ជា វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្នើដល់ម្ចាស់ក្រុមហ៊ុន ឬអ្នកបើកបររថយន្តដឹកទំនិញធំៗ មិនត្រូវលួចធ្វើសកម្មភាពបើករថយន្តចូលទីប្រជុំជនក្នុងក្រុងព្រះសីហនុពេលថ្ងៃទៀតទេនាថ្ងៃខាងមុខ។ ជាងនេះ ក៏ហាមដាច់ខាតមិនត្រូវយកចិញ្ចើមផ្លូវថ្នល់ជាតិ សម្រាប់ឈប់ ឬចតរថយន្ត ដើម្បីដាក់ ឬផ្ទេរទំនិញ របស់ខ្លួន នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះដល់អ្នកធ្វើដំណើរទៀតទេ។
ទាក់ទិនបញ្ហានេះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ដែលបានចូលរួមចុះណែនាំសេចក្តីជូនដំណឹងនេះ ឲ្យដឹងដែរថា អាជ្ញាធរនឹងផាកពិន័យ ឬឈានដល់ចាត់វិធានការតាមផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរ ទៅលើអ្នកបើកបរថយន្តដឹកទំនិញធុនធ្ងន់ ពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដែលមិនចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែលហាមមិនឲ្យបើករថយន្តដឹកទំនិញគ្រប់ប្រភេទ មិនឲ្យបើកចូលក្រុងពេលថ្ងៃ និងយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីចតរថយន្តនាំឲ្យស្ទះផ្លូវធ្វើដំណើរទៀតនោះ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ចាប់ពីពេលនេះតទៅ ក្រុមការងារ ដែលមានសមភាពចម្រុះ មកពីគ្រប់ស្ថាប័នជំនាញ ក្រោមឱវាទ រដ្ឋបាលខេត្តព្រះសីហនុ នឹងមិនអនុញ្ញាតិ ឲ្យរថយន្តដឹកទំនិញគ្រប់ប្រភេទ បើកចូលក្នុងទីប្រជុំជនក្រុងទេសចរមួយនេះ ខុសពេលវេលាទៀតនោះ។
បញ្ជាក់ថា បំរាមនេះ ក៏តម្រូវឲ្យម្ចាស់ក្រុមហ៊ុនដឹកទំនិញធុនធ្ងន់ទាំងអស់ មុននឹងបើករយន្តដឹកទំនិញ របស់ខ្លួនចេញពីក្រុមហ៊ុន ឬឃ្លាំង ឡើងមកលើផ្លូវសាធារណៈ ឬផ្លូវជាតិ ពិសេសបើកចូលក្នុងទីប្រជុំជនក្រុងព្រះសីហនុ គឺដាច់ខាត ត្រូវលាងសំអាតកង់ និង តួរថយន្តឲ្យបានស្អាត ដើម្បីជៀសវាងកុំឲ្យជ្រុះដីពាសពេញផ្លូវជាតិ បង្កើតទៅជាធូលីដី ឬប្រលាក់ផ្លូវសាធារណៈ នាំឲ្យមានដីហយុ ប៉ះពាល់ដល់បរិស្ថាន សោភ័ណ្ឌភាពក្នុងក្រុងទេសចរណ៍ខេត្តព្រះសីហនុ ជាពិសេសប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ។
លោកបន្តថា កម្លាំងនគរបាលចរាចរណ៍ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ នឹងចុះអនុវត្តការងារនេះ ឲ្យបានតឹងរឹងជាបន្តបន្ទាប់ ហើយឈានដល់ផាកពិន័យម្ចាស់ក្រុមហ៊ុន ឬអ្នកបើកបរ ដែលមិនចូលរួមសហការជាមួយអាជ្ញាធរ។
ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានព្រមានដល់អ្នកបើកបរថយន្តដឹកទំនិញធុនធ្ងន់នៅតាមក្រុមហ៊ុននីមួយៗ ដាច់ខាតមិនត្រូវប្រើប្រាស់គ្រឿងញៀន និងមិនត្រូវផឹកគ្រឿងស្រវឹង ក្នុងពេលបើកបរជាដាច់ខាត ព្រោះនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយនឹងត្រូវផ្តន្ទាទោសតាមច្បាប់ធ្ងន់ធ្ងរ។ បន្ថែមលើនេះអ្នកបើកបរទាំងអស់ មិនត្រូវបើកលឿនលើសច្បាប់កំណត់ ឬបើក វ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ហើយត្រូវមានសុជីវធ៌មខ្ពស់ក្នុងការបើកបរ ដោយត្រូវអធ្យាស្រ័យ ឬយោគយល់ឲ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅរួមចំណែកកាត់បន្ថយអត្រាគ្រោះធ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុឲ្យថយចុះចំនួនថែមទៀត។
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បង្ហាញការគាំទ្រ ចំពោះចំណាត់ការ របស់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានចេញសេចក្តីណែនាំ ឬដាក់បំរាមហាមមិនឲ្យរថយន្តដឹកទំនិញធំៗ បើកចូលក្រុងពេលថ្ងៃនៅពេលនេះ។
ព្រមជាមួយគ្នានេះ ពួកគេ ក៏សំណូមពរឲ្យមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធទាំងនោះ ត្រូវរួមសហការគ្នា ចុះអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យបានសកម្មជារៀងរាល់ថ្ងៃ ជាពិសេសត្រូវផាកពិន័យម្ចាស់ក្រុមហ៊ុន ឬអ្នកបើករថយន្តដឹកទំនិញធំៗទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំ របស់អាជ្ញាធរឲ្យបានធ្ងន់ធ្ងរ។ ជាងនេះទៀត ក៏ស្នើដល់ក្រុមការងារចុះអនុវត្តបំរាមរថយន្តដឹកទំនិញធំៗ ហាមមិនឲ្យបើកចូលក្រុងពេលថ្ងៃនេះ ត្រូវអនុវត្តការផាកពិន័យ ឲ្យបានស្មើភាព និងត្រូវជៀសឲ្យផុតពីអំពើពុករលួយ ឬបក្សពួកនិយម ជាដើម ដែលអាចនឹងកើតមានឡើង ទើបការអនុវត្តបំរាមនេះ មានប្រសិទ្ធភាព ហើយទទួលបានការគាំទ្រពីសាធារណៈជន។
បញ្ហានេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថា បានដឹកនាំកម្លាំងនគរបាលប្រមាណ ១០នាក់ ចូលរួមសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីចុះអនុវត្តសេចក្ដីជូនដំណឹងស្តីពី ការហាមឃាត់ប្រភេទរថយន្តដឹកទំនិញធំៗ មិនឲ្យបើកចូលក្នុងទីប្រជុំជនក្រុងព្រះសីហនុពេលថ្ងៃដោយយកចិត្តទុកដាក់ខ្ពស់។ លោកបន្តថា ការងារនេះ កម្លាំងជំនាញនគរបាល នឹងបន្តចុះអនុវត្តឲ្យបានជាប្រចាំថ្ងៃ ឲ្យស្របតាមការចង្អុលបង្ហាញ របស់ឯកឧត្តមឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញឲ្យមានប្រសិទ្ធភាព៕ សត្យា