ភ្នំពេញ៖ បន្ថែមពីលើយុទ្ធនាការបង្ក្រាបគ្រឿងញៀន នៅរាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ អំពីការបង្កើនការបង្រាបគ្រឿងញៀន នៅតំបន់ជនបទ ពីព្រោះពេលនេះគ្រឿងញៀន ដែលត្រូវបានបង្ក្រាបយ៉ាងសកម្ម នៅរាជធានីភ្នំពេញនោះ កំពុងសាយភាយទៅតំបន់ស្រុកស្រែចំការ ដែលវានឹងបំផ្លាញធនធានមនុស្ស និងសេចក្ដីសុខ សុវត្ថិភាពនៅតាមមូលដ្ឋាន ប្រសិនបើអាជ្ញាធរមិនអាចបង្ក្រាបទប់ស្កាត់បាន។
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ “កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក”។
សិក្ខាសាលាដ៏មានសារសំខាន់នេះ បានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា តំណាងសាសនានានៅកម្ពុជា និងតំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនអង្គនាក់។
ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់សន្ទរកថា ស្វាគមន៍របស់លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបើតាមរបាយការណ៍ សិក្ខាសាលានៅថ្ងៃនេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីអង្គសិក្ខាសាលាសរុបជាង៩០០អង្គនាក់ និងបានគូសបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញថាគ្រប់សាសនាទាំងអស់ពិតជាមានឆន្ទៈ និងបានចូលរួមយ៉ាងសកម្ម នៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិកាយសាសនាផ្សេងៗនៅកម្ពុជា ព្រមទាំងសាលារាជធានីភ្នំពេញ ដែលបានសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងលើកកម្ពស់កិត្យានុភាពនៃសុខដុមនីយកម្មសាសនានៅកម្ពុជា និងជាការបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសេរីភាពនៃជំនឿសាសនា នៅកម្ពុជានៅលើឆាកជាតិ និងអន្តរជាតិ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវសិទ្ធិសេរីភាព ខាងសាសនាតាមស្មារតី នៃរដ្ឋធម្មនុញ្ញដោយបានដាក់បញ្ចូលវិស័យសាសនា ទៅក្នុងបាវចនាជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការបង្ហាញឲ្យឃើញពីការពឹងអាស្រ័យគ្នាទៅវិញ ដើម្បីសុខសន្តិភាពក្នុងសង្គម ជាក់ស្ដែងវិស័យសាសនា បានចូលរួមអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ។
សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនា ក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗ ឲ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការចូលរួមនៅថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការចូលរួម របស់គ្រប់សាសនានៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ទៅតាមស្មារតីនៃសេចក្ដីប្រកាសរួមស្ដីពី “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” ដើម្បីជំរុញផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តថា អង្គសិក្ខាសាលានៅថ្ងៃនេះ នឹងផ្ដោតការពិភាក្សាផ្លាស់ប្ដូរទស្សនៈ មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ អំពីកិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួម និងអាចដាក់ចេញនូវវិធានការណ៍ ឬយន្តការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តឲ្យសមស្រប និងទទួលបានលទ្ធផល ទៅតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយយសុខដុមនីយកម្មសាសនាផង និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង។
សម្ដេចបានថ្លែងអំពាវនាវប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសាសនាទាំងអស់ បង្កើនការចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្ត ទិសស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍អំពីបទល្មើសគ្រឿងញៀន ហើយបញ្ហាចរាចរណ៍ក៏ដូចគ្នាដែរ ដោយសម្ដេចបានអំពាវនាវ ឲ្យគ្រប់ភាគីផ្ដល់អាទិភាពដល់ការអនុវត្តច្បាប់ និងបានអំពាវនាវព្រះសង្ឃ និងថ្នាក់ដឹកនាំសាសនាទាំងអស់ ចូលរួមបញ្ជ្រាបបញ្ហាទាំងនេះ នៅពេលសម្ដែងព្រះធម៌ ឬនៅក្នុងកម្មវិធីសនានានា ៕ដោយ៖កូឡាប