Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ទល់​ទ្រ​ប្រាសាទព្រហ្មកិល ខណៈ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម រង​ការខូចខាត​ជាខ្លាំង

​សៀមរាប​៖ ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កសាង​អំពី​ថ្មភក់ ចុង​សតវត្សរ៍​ទី​១២ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។ នាពេល​បច្ចុប្បន្ន​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម រង​ការខូចខាត​ជាខ្លាំង ដោយ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​នៅ​ជ្រុង​និរតី​បាន​ដួលរលំ និង​ខឿន​ប្រាសាទ​រលុះ​ស្ទើរតែ​ទាំងស្រុង​។​

​ក្នុង​គោលបំណង​ទល់​ទ្រ ពង្រឹង សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ដំណើរការ​ទល់​ទ្រ ក្នុងដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទព្រហ្មកិល និង​ជា​ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ឱ្យដឹង ហានិភ័យ​ដែល​បង្ក​ឱ្យ​ខូចខាត​រចនា​សម្ពន្ធ​ប្រាសាទ បណ្តាលមកពី​គ្រឹះ​ប្រាសាទ​រលុះ​ថ្ម​ខឿន​ព័ទ្ធជុំវិញ​។ លោក​បន្តថា មេ​ទ្វារ​មុខ​ខាងកើត​ទ្រេត​គ្មាន​លំនឹង ហើយ​ជញ្ជាំង​ផ្នែក​ខាងលិច​ទ្រេត និង​ខាងក្រោម​គ្មាន​ថ្ម​សម្រាប់​ទល់​ទ្រ នៅ​ជ្រុង​និរតី​នៃ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​ដួលរលំ​អស់ ហើយ​ជញ្ជាំង​ខាងត្បូង​គ្មាន​លំនឹង មាន​ថ្ម​ក្រៀក​ចេញពី​គ្នា​ធ្វើឱ្យ​ជ្រុង​ខាងត្បូង​ងាយ​នឹង​រលំ​ដោយសារ​ខាងក្រោម​បាត់​ថ្ម​អស់​ជាច្រើន​ដុំ​។​

​អ្នកជំនាញ​រូបនេះ​ឱ្យដឹងទៀតថា ដោយសារ​ផ្នែក​ខាងត្បូង​ឈៀង​ខាងលិច​ថ្ម​ប្រាសាទ​មួយ​ចំហៀង​ត្រូវបាន​ដួលរលំ​នៅ​ជ្រុង​និរតី និង​ផ្នែក​នៅសល់​គ្មាន​លំនឹង ដូចនេះ​កំពូល​របស់​វា​មាន​ហានិភ័យ​ខ្ពស់​ត្រូវការ​ទល់​ទ្រ​បន្ទាន់ ដើម្បីឱ្យ​ប្រាសាទ​ឈរ​នៅ​រឹងមាំ​។​

​បន្ថែម​ពីលើ​នេះ លោក​បញ្ជាក់ថា មាន​១​ចំណុច​ជា​ហានិភ័យ​ថ្មី​ដែល​ត្រូវការ​ទល់​ទ្រ​ជាបន្ទាន់ ហើយ​មាន​៤​ចំណុច​ចាស់​ត្រូវ​រើ​ទល់​ទ្រ​ដើម្បី​ពង្រឹង​ឡើងវិញ និង​រឹត​ខ្សែកាប​ចំនួន​៣​ខ្សែ​នៅ​កំពូល​ប្រាសាទ​។​

​អ្នកជំនាញ​ដដែល​បន្តថា ជំហាន​ទី​១​សមស្រប​ទៅតាម​អនុសាសន៍​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែឧសភា ឆ្នាំ​២០១៩ ដែល​បាន​ចុះមក​ពិនិត្យ​ជាក់ស្តែង និង​បានផ្តល់​អនុសាសន៍​ជា​ជំហាន​ទី​២ ត្រូវ​សិក្សា​សម្រង់​ប្លង់​មេ​ទូទៅ ធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី​រចនា​សម្ពន្ធ​របស់​ប្រាសាទ និង​ជំហាន​ទី​៣ ឈានទៅដល់​ការជួសជុល​ប្រាសាទ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​១៩១៩ សាលា​បារាំង​ចុង​បូព៌ា បាន​សម្អាត​ទីតាំង​ជុំវិញ​បរិវេណ​ប្រាសាទ និង​ទល់​ទ្រ​ផ្នែក​ខ្លះ​ដូចជា​ទាម​ដែក និង​ចាក់​កំណល់​បេតុង​ជាដើម​។ លុះ​មកដល់​នៅ​ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទល់​ទ្រ​៤​ទីតាំង​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេងៗ​រហូតមកដល់​បច្ចុប្បន្ន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×