បាត់ដំបង៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិត និងចបជីកបានស្ទាក់វាយខាងក្រុមជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែង និង២នាក់ទៀត រងរបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកមោងឬស្សី។
ហេតុការណ៍ករណីឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ណែម ធា អាយុ២៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ទឿប ភន អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី រងរបួស និង៣-ឈ្មោះ មឿត រឿ អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធ៍១ ឃុំគារ ស្រុកមោងឫស្សី រងរបួសក្នុងការប្រព្រឹត្តបទល្មើសនេះដោយសារកន្លងមក ធ្លាប់ឌឺដងដាក់គ្នា ខណៈពេលក្រុមម្ខាងទៀតជិះម៉ូតូកាត់មុខ។
បន្ទាប់ពីកើតហេតុហើយ ជនសង្ស័យបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ មានម៉ូតូ៤គ្រឿង និងចបជីកចំនួន១ ម៉ូតូស្កុបពី១គ្រឿងពណ៌ព្រីងទុំ លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CA-1301, ម៉ូតូ និច១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខពោធិ៍សាត់ 1E-3471, ម៉ូតូគុបពណ៌ខៀវ (ចាស់) គ្មានស្លាកលេខ និងម៉ូតូC១២៥ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខបាត់ដំបង 1-W7324 ព្រមទាំងចប ជីក១ ដែលវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចនគរបាលប្រមូលយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សី៕ ដោយ៖បញ្ញាស័ក្តិ