កំពង់ឆ្នាំង ៖ ដើម្បីធានាអោយបានសុវត្ថិភាព ក្នុងពេលធ្វើដំណើរ និង ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបនោះ នៅព្រឹកថ្ងទី៥ ខែតុលា ឆ្នាំ២០១៧នេះ ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកមាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូនសហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ និង អាជ្ញាធរមូលដ្ឋាន បានចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត ទោចក្រយានយន្ត និងគោយន្តកែច្នៃ ចំនួន៣៥០នាក់ នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកមាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរ សាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការកើនឡើង ពិសេសទៅលើគោយន្តកែច្នៃ ។ ចំពោះការគោរពច្បាប់ចរាចរណ៍ផ្លូវគោក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅមានកំរិតនៅឡើយ ហើយការផ្សព្វផ្សាយច្បាប់នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋលើផ្នែកសុវត្ថិភាពចរាចរណ៍នេះ អោយកាន់តែមានភាពល្អប្រសើ ។
លោកមាស ឈុនលី បញ្ជាក់ទៀតថា ដោយសារសព្វថ្ងៃនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមនុស្សបាត់បង់ជីវិត របួស ពិការ ព្រមទាំងការខាតបង់ ទ្រព្យសម្បត្តិ ស្ថិតក្នុងកម្រិតខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានក្តីព្រួយបារម្ភ និងរិះរកវិធី ដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ទាំងនោះ ឱ្យមកនៅកម្រិតទាបបំផុត។ ផ្អែកលើបញ្ហានេះ ទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំរៀបចំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញឱ្យស្ថាប័នជំនាញ បញ្ជ្រាបច្បាប់នេះ អោយដល់ប្រជាពលរដ្ឋ ដើម្បីបានយល់ជាចំណេះដឹងទាំងអស់គ្នា សម្រាប់អនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ ។ ផ្តើមចេញពីកង្វល់នេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ បំណងកាត់បន្ថយបរិមាណគ្រោះថ្នាក់ចរាចរណ៍ មកត្រឹមកម្រិតអប្បបរមា ក៏ដូចជាបង្កើនការរក្សា ទាំងទ្រព្យសម្បត្តិរដ្ឋ ទាំងទ្រព្យសម្បត្តិឯកជនឱ្យនៅគង់វង្សយូរអង្វែង។
លោកមាស ឈុនលី បានបានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់គោយន្ត ឬ យានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ ជិតឬឆ្ងាយ និងត្រូវចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងពេលបើកបរ ធ្វើយ៉ាងណាអោយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុត ។
នៅក្នុងឱកាសនោះលោកមាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលចូលរួម និងបិទស្ទីគ័រចំណាំងផ្លាត ដល់គោយន្តកែច្នៃចំនួន១១៣គ្រឿង ផងដែរ ៕ ដោយ៖សន សក្តា