បុរសស្រវឹងស្រាម្នាក់រស់នៅភាគពាយ័ព្យរុស្ស៊ីបានលួចរថពាសដែកមួយគ្រឿង ហើយបើកសំដៅទៅកាន់អគារលក់ទំនិញសាធារណៈមួយ ដើម្បីយកស្រាទំពាំងបាយជូរ… មួយដបប៉ុណ្ណោះ។
ប្រភពពី RT ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃ ១០/១ នាទីក្រុង Apatity, ។
យុវជនម្នាក់ក្នុងស្ថានភាពដូចពោលខាងលើ មានវ័យ ២០ឆ្នាំ ត្រូវបានរងបទចោទប្រកាន់លួចរថពាសដែកឯកជន APC ចេញពីសាលាយោធានៅតំបន់នោះ រួចបើកសំដៅមកទីប្រជុំជន។
បន្ទាប់ពីក្រវែលចុះឡើងមួយសន្ទុះ យុវជននេះ បានបើករថពាសដែកបោះពួយសំដៅបុកទម្លុះទ្វារអគារលក់ទំនិញសាធារណៈ Family, ហើយមុននោះបានបុកខ្ទេចរថយន្តមួយគ្រឿងចតនៅក្បែរនោះ បន្ទាប់ពីបុករថយន្ត យុវជនរូបនេះ ក៏រត់ចូលទៅក្នុងអគារលក់ទំនិញ រួចលួចស្រាមួយដបចេញមក។
តាម Reuters, មួយសន្ទុះក្រោយមកប៉ូលិសបានចាប់មុខសញ្ញានេះ ហើយវាពុំមែនជាលើកដំបូងឡើយ កាលពីខែ១ យុវជននេះ បានលួចបើករថយន្តកាម៉ាស់មួយគ្រឿង ចេញពីវិទ្យាស្ថានវិទ្យាសាស្ត្ររុស្ស៊ី ប៉ុន្តែត្រូវបានចាប់ឃាត់ខ្លួនទាន់ពេល៕ សូយន