នៅព្រឹកថ្ងៃទី៦ ខែតុលា នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប )បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្រោមប្រធានបទបណ្តឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នីតិវិធីនៃការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន និងបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ។
លោក គួយ ប៊ុនរឿន អនុប្រធានគ ជ ប បានមានប្រសាសន៍ថា ការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃ៣០ ខែតុលា នៅនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម គជប។ គណបក្សនយោបាយត្រូវបំពេញពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត (ទម្រង់១០០៨) ចំនួនពីរច្បាប់។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលទទួលការផ្ទេរសិទ្ធិជាលាយលក្ខអក្សរពីប្រធានគណបក្សនយោបាយនោះ។
ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតអោយផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែលិខិតផ្ទេរសិទ្ធិនេះមានខ្លឹមសារអនុញ្ញាតអោយផ្ទេរសិទ្ធិបន្ត។
លោកបន្តថា គ ជ ប ត្រូវពិនិត្យសម្រេចលើ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យសុំ។ ក្នុងរណីយល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតគជប នឹងចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជូនសាម៉ីគណបក្សនយោបាយ។ ក្នុងករណីពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយពុំបានបំពេញលក្ខខណ្ឌ គ ជ ប និងសាម៉ីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម។ សាម៉ីគណបក្សនយោបាយ
ត្រូវបំពេញលក្ខខណ្ឌដែលខ្វះខាតនោះ ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង។ ផុតរយៈពេល៥ថ្ងៃនេះ គជប ចាត់ទុកថា សាម៉ីគណបក្សនយោបាយនោះបោះបង់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត៕ ដោយ៖សំណាង