ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាវ លៀនកឺ (Liu Liange) អគ្គនាយកធនាគារនីហរ័ណ អាហរ័ណចិន (Exim Bank of China) ។
លោក លាវ លៀនកឺ (Liu Liange)បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានទាក់ទាញដល់ការសម្រេចចិត្តមកវិនិយោគផ្នែកធនាគារនៅក្នុងប្រទេសកម្ពុជា។ លោក លាវ លៀនកឺ មានប្រសាសន៍បន្តថា កន្លងមកធនាគារនីហរ័ណអាហរ័ណចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនា សម្ព័ន្ធ អគ្គីសនី ប្រព័ន្ធធារាស្ត្រជាដើម ដោយឡែកនៅពេលនេះ វត្តមានធនាគារលោក ក្នុងប្រទេសកម្ពុជា គឺដើម្បីសុំអនុសាសន៍បន្ថែមពី សម្តេចតេជោ តើកម្ពុជាមានអ្វីទៀតដែលធនាគាររបស់លោកអាចចូលរួមចំណែកអភិវឌ្ឍថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានភាពល្អបំផុត នៅពេល នេះ ហើយកម្ពុជាមានទស្សនៈវិស័យពិតប្រាកដក្នុងការអភិវឌ្ឍអ្វីដែលធនាគារនីហរ័ណអាហរ័ណចិន បានជួយនាពេលកន្លងមក គឺសុទ្ធសឹងតែជាគម្រោងអាទិភាពទាំងអស់របស់កម្ពុជា ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជាបានដាក់គម្រោងទៅកាន់ភាគីចិន សម្រាប់ឆ្នាំ២០១៨រួចហើយ ក្នុងនោះគម្រោងអាទិភាពមួយទៀត គឺ គម្រោង ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ របស់រាជធានីភ្នំពេញ។ តាមរយៈគម្រោងអាទិភាពនេះ សម្តេចបានស្នើសុំឲ្យធនាគារនីហរ័ណ អា ហរ័ណ ចិន ពិនិត្យក្នុងជំរុញគម្រោងជាអាទិភាពនេះឲ្យបានចេញជារូបរាងពិតប្រាកដឆាប់ៗនេះ៕ ដោយ៖បញ្ញាស័ក្តិ