ភ្នំពេញ៖ លោក រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ទោះបីគ្មានសាលាដើម្បីបង្រៀនអ្នកនាំពាក្យ ប៉ុន្តែអ្នកនាំពាក្យត្រូវបានជ្រើសរើសចេញពីសាលាបណ្ដុះបណ្ដាលសារព័ត៌មាន (DMC) ។ ជាមួយគ្នានោះដែរ អ្នកសារព័ត៌មាន បានលើកឡើង អំពីការរើសអើង របស់អ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នមួយចំនួន ជាមួយស្ថាប័នព័ត៌មាន ធំ ឬតូច និងមិនសហការផ្តល់ព័ត៌មាន។
ក្នុងពិធីបិទ វេទិកាអ្នកសារព័ត៌មាននិងអ្នកនាំពាក្យនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើអ្នកសារព័ត៌មានកុំផ្ចាញ់ផ្ចាលអ្នកនាំពាក្យ ហើយត្រូវយល់ថា អ្នកសារព័ត៌មាន និងអ្នកនាំពាក្យប្រៀបដូចផ្នែកសំខាន់នៅក្នុងរាងកាយតែមួយ មិនអាចបាត់មួយបាននោះទេ។
បើតាមលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន អ្នកនាំពាក្យត្រូវក្ដោបព្រឹត្តិការណ៍ឲ្យជុំ ដើម្បីបេសកម្មក្នុងនាមជាមន្ត្រីផ្តល់ព័ត៌មាន ដល់សារធាណជន តាមរយៈសារព័ត៌មានឲ្យបានច្បាស់។ “អ្នកនាំពាក្យដឹងមិនច្បាស់ សូមកុំជម្នះឆ្លើយតប ជាមួយអ្នកសារព័ត៌មាន” លោកខៀវ កាញារិទ្ធ បញ្ជាក់យ៉ាងដូច្នេះ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងថា កន្លងមកអ្នកនាំពាក្យ និងអ្នកយកព័ត៌មានខ្លះយល់ច្រឡំថា មានការកេងចំណេញគ្នាក្នុងការផ្សព្វផ្សាយ អ្នកនាំពាក្យត្រូវផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយគោរពវិជ្ជាជីវៈរបស់ខ្លួន។ លោកបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ អ្នកសារព័ត៌មាន បានលើកឡើងអំពីការរើសអើងរបស់អ្នកនាំពាក្យខ្លះ ជាមួយស្ថាប័នព័ត៌មាន ធំឬតូច ។អ្នកនាំពាក្យមួយចំនួន មិនសូវសហការផ្តល់ព័ត៌មាន និងត្រូវដឹងពីអ្វីដែលអ្នកព័ត៌មានចង់បាន។
លោកបានបញ្ជាក់ថា ក្រសួង ស្ថាប័នមួយចំនួន នៅខ្វះអ្នកនាំពាក្យ និងសូមឲ្យអ្នកនាំពាក្យយោគយល់ ដល់អ្នកព័ត៌មាន ចំពោះការផ្តល់បទសម្ភាសន៍ និងពេលវេលាផ្សាយរបស់ស្ថាប័នព័ត៌មាន៕ ដោយ៖បញ្ញាស័ក្តិ