ភ្នំពេញ ៖ ជនល្មើស ជាមុខសញ្ញាប្លន់បាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក អេង សោភា បានឲ្យដឹងស្តីពីការសហការបង្រ្កាបករណី ឃាតកម្ម កាលពីថ្ងៃទី០៦ កុម្ភៈ ២០២០ នៅចំណុចភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងលួចកាច់កម៉ូតូ និងប្លន់ប្រដាប់អាវុធ។
តបតាមកម្មវត្ថុខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សូមគោរពរាយការណ៍ជូនលោកអគ្គស្នងការរងនិងជាស្នងការគនរបាលរាជធានីភ្នំពេញ មេត្តាជ្រាប:នៅថ្ងៃទី១១ កុម្ភៈ ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយស្នងការនគរបាលខេត្តតាកែវ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលង៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ១-ឈ្មោះ ថូ ថុន ហៅផូ ថុនហៅស្វិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង ដោយបានដកហូតវត្តុតាងៈ កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៣, ម៉ូតូ០១គ្រឿងម៉ាកAIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1BY-1688, ដែកអក្សរT និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់ ផ្លាកលេខម៉ូតូខេត្តតាកែវចំនួន៣បន្ទះ ។
ក្រោយពីធ្វើការសួរយកចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១៩ ផ្លាកលេខ បាត់ដំបង 1AG .0104 កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០០និង១០នាទី នៅចំណុចផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជាមួយបក្ខពួកម្នាក់ទៀតឈ្មោះម៉ៅ ហៅនី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅខេត្តបន្ទាយយមានជ័យ ជាអ្នកឌុប(គេចខ្លួន) រីឯខ្ល្លួនអង្គុយក្រោយ អ្នកបាញ់ជនរងគ្រោះបណ្តាលឲ្យរបួសហើយយកម៉ូតូ ជិះគេចខ្លួន យកទៅលក់ឲ្យជនមិនស្គាល់ឈ្មោះ នៅតាមផ្លូវម្តុំការ៉ាស់សាំងច្រមុះជ្រូកស្ទឹងមានជ័យ បានប្រាក់ចំនួន៨០០ដុល្លារ ។ ការិយាល័យបានប្រគល់ជនសង្ស័យទាំង០២នាក់ ឲ្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងប្រគល់បន្តទៅស្នងការនគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕ដោយ៖កូឡាប