ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទទី២ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជឿថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូលហេតុនាំឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ហើយវាបង្កផលប៉ះពាល់ដោយជំងឺ COVID19 មានទំហំធំធេងណាស់។
នៅថ្ងៃនេះសម្តេចតេជោ បានមានប្រសាសន៍ទាក់ទងនឹងការប្រជុំអាស៊ាន-អាមេរិក ដែលថ្មីៗនេះប្រធានាធិបតែអាមេរិក បានពន្យារពេលនៃកិច្ចប្រជុំពិសេសកំពូលអាស៊ាន-អាមេរិក ហើយក្នុងនោះក៏មានការវិភាគ និងលើកឡើងនូវមតិខុសៗគ្នា តែហេតុផលយ៉ាងណានោះ មានតែអាមេរិកខ្លួនឯងទេជាអ្នកដឹង។ សម្តេចតេជោបន្តទៀតថា មានមតិខ្លះលើកឡើងថា អាមេរិកបានចាត់ទុករឿងជំងឺកូវីដ១៩ គឺជារឿងសំខាន់ ក្នុងការពន្យារនៃកិច្ចប្រជុំនេះ និងជាការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺនេះ។
សម្តេចថា ប៉ុន្តែក៏មានការលើកឡើងថា អាមេរិកពន្យារការប្រជុំដោយសារមេដឹកនាំអាស៊ាន មួយចំនួន មិនទៅចូលរួមក្នុងកិច្ចប្រជុំនោះ ដូចជាប្រធាធិបតីនៃប្រទេសហ្វីលីពីន , នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដែលប្រទេសទាំង៣នេះ អាចតំណាងជាងពាក់កណ្តាលនៃប្រជាពលរដ្ឋអាស៊ានទៅហើយ។ ហើយកន្លងមកប្រធានាធិបតីអាមេរិក ក៏បានអវត្តមានក្នុងកិច្ចប្រជុំអាស៊ានចំនួន៣ដងរួចមកហើយ ដោយបានឲ្យតំណាងរបស់ខ្លួនទៅជំនួស។
តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គិតថាហេតុផលទី១ ជាមូលហេតុចម្បងដែលអាមេរិកសម្រេចពន្យារនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា មិនមែនអាមេរិកមិនយកចិត្តទុកដាក់ជាមួយនឹងប្រទេសអាស៊ាននោះទេ៕ដោយ៖កូឡាប