ភ្នំពេញ ៖ ខ្មាន់កាំភ្លើងចំនួនពីរនាក់ ដែលបានបាញ់សម្លាប់មនុស្សគ្មានត្រាប្រណី នឹងបាញ់ នគរបាលប៉ុស្តិ៍ក្បាលកោះ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាប់ខ្លួនបានហើយ ។
ការចាប់ខ្លួននេះធ្វើឡើង ខណៈកម្លាំងចម្រុះកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមបណ្ដោយផ្លូវជាតិលេខ១នៅមុខវត្តនិរោធរង្សីស្ថិតក្នុងភូមិឫស្សីស្រស់សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៦ ខែតុលានេះ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ម៉ៅ សឿតអធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ខ្មាន់កាំភ្លើង ដែលពូកែខាងបាញ់សម្លាប់មនុស្សនោះ ឈ្មោះគឹម សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះជ័យ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកអធិការរងបានបន្តថា ខ្មាន់កាំភ្លើងទាំងពីរនាក់នេះ បានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះឈ្មោះវ៉ាន់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដូនសរ ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ខណៈជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលស្លាប់នៅកន្លែងកើតហេតុក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។ លុះដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទីយប់ជនសង្ស័យទាំងពីរនាក់បានបាញ់ប្រហារទៅលើនគរបាលប៉ុស្តិ៍ក្បាលកោះនៅចំណុចមុខវត្តវិចិត្តារាម ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ប៉ុន្តែពុំត្រូវនគរបាលឡើយ។
លោកអធិការរងបន្តថា ជនទាំងពីរនាក់នេះ ក៏ធ្លាប់គំរាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះឯក ជីវន្ត័ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង២១យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ដោយជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លីចំនួន២ដើមម៉ាកប៉អាកុល និងk៤៩។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកសង់សេរីឆ្នាំ២០១៦ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ១FQ២៨៥៤ដែលខ្មាន់កាំភ្លើងជិះឆ្លងកាត់ចំណុចឆែកអាវុធ៕ ដោយ៖ជាលី