Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឡោក ខេង និង​បងថ្លៃ បញ្ជាក់ថា ពិតជា​បាន​ទិញ​ដី​ពី​ឈ្មោះ ស ថា​វី ឯ​តុលាការ ចោទប្រកាន់ ឈ្មោះ​ស ថា​វី និង​បក្ខពួក ពីបទ​លួច​ដី​គេ​លក់​ឲ្យ​អ្នកដទៃ តម្លៃ​១៥​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ជាង​២​ហិកតា​នៅ​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​ជនសង្ស័យ​៩​នាក់ ក្នុង​មាន​៣​នាក់ ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​រួចហើយនោះ មេធាវី​តំណាង លោកស្រី ឡោក ខេង អ្នកតំណាងរាស្ដ្រ មណ្ឌល​ភ្នំពេញ លោកស្រី ឡោក ខេង និង​បងថ្លៃ​ឈ្មោះ យស ម៉ាលី​ណា ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ដី ពិតជា​បាន​ទិញ​ដី​ពី​ឈ្មោះ ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ពិតប្រាកដ​មែន​។ មេធាវី បាន​បញ្ជាក់ថា ការទិញ​-​លក់​ដី​មួយកន្លែង​នេះ ធ្វើឡើង​ដោយ​ស្របច្បាប់ និង​មានការ​ដឹងលឺ ពី​អាជ្ញាធរ​ភូមិ​សង្កាត់​និង​ខណ្ឌ​ព្រែក​ព្នៅ​។​

​លោក​មេធាវី ហ៊​ល ស៊ីណា តំណាង លោកស្រី ឡោក ខេង អ្នកតំណាងរាស្ដ្រ មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ បានចេញ​លិខិត​បំភ្លឺ​មួយ បាន​ឲ្យ​ដឹងថា ដី​ទំហំ ២២.៩០០​ម៉ែត្រការ៉េ ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គឺជា​ដី​ដែល​លោកស្រី ឡោក ខេង ទិញ​ពី​ឈ្មោះ ស ថា​វី អតីត​អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បច្ចុប្បន្ន ជា​អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងតម្លៃ​៦០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដែលជា​តម្លៃ​លក់ សម​ស្របតាម​ទីផ្សារ​ជាក់ស្តែង មិន​ដូចជា​ការផ្សព្វផ្សាយ​ថា លោកស្រី ទិញ​ដី​នេះ ក្នុងតម្លៃ​ត្រឹមតែ​១៥​ម៉ឺន​ដុល្លារ ។​

​ដោយឡែក ចំពោះ​មូលប្បទានប័ត្រ ១៥​ម៉ឺន​ដុល្លារ របស់​ធនាគារ​កាណាឌីយ៉ា នោះ គឺជា​ទឹកប្រាក់​មួយចំនួន ប៉ុណ្ណោះ ដែល​ត្រូវ​ទូទាត់ ជូន​ម្ចាស់​ដើម ក្នុងចំណោម ទឹកប្រាក់​សរុប តាម​ការឯកភាព ពី​លោក ស ថា​វី (​អាច​មើល​ឯកសារ ភ្ជាប់​ខាងក្រោម​)​។​

​ចំពោះ​ប្រតិបត្តិ​ការទិញ​លក់​វិញ ត្រូវបាន​បញ្ជាក់ថា មានការ​ដឹងលឺ ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ដឹងលឺ ដោយមាន​ការចូលរួម វាស់វែង កំណត់​ព្រំប្រទល់ ដី​ច្បាស់លាស់ បាន​បង់ពន្ធ​ប្រថាប់ត្រា និង​បានធ្វើ​លិខិត​ផ្ទេរសិទ្ធិ កាន់កាប់​អចលនទ្រព្យ ត្រឹមត្រូវ ឲ្យ​មក​ឈ្មោះ យស ម៉ាលី​ណា ត្រូវជា​បងថ្លៃ​របស់​កូនក្ដី របស់លោក​ស្រី ឡោក ខេង ដោយ​ជឿជាក់​តាម​ឯកសារ របស់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សាលាខណ្ឌ​ព្រែក​ព្នៅ​។​

​ចំពោះ​ការចោទប្រកាន់ថា បានធ្វើ​របង​ស័ង្កសី ព័ទ្ធជុំវិញ​ដី ដែល​កំពុងមាន​វិវាទ​នេះ ត្រូវបាន​បកស្រាយ​ថា គឺជា​ភាពចាំបាច់ ក្នុងការ​ការពារ និង​ថែរក្សា​ដី ក្រោយពី​ការធ្វើសកម្មភាព របស់​ឈ្មោះ ភឺន ផល្លា និង​បក្សពួក ហើយ​ការរៀបចំ សាងសង់​របង​ស័ង្កសី ព័ទ្ធជុំវិញ​ដី គឺធ្វើឡើង​នៅមុន​ពេល មាន​កិច្ចប្រជុំ នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ និង​មិនមាន​ការហាមឃាត់ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ឬ​គំហាត់​ពី​តុលាការ ណាមួយ​ឡើយ​។​

​ដោយឡែក​ពាក់​ព​ន្ធ័ នឹង​ការកាន់កាប់​ដី​វិញ មេធាវី​តំណាង​លោកស្រី ឡោក ខេង បាន​ពន្យល់ថា ក្នុង​កាលៈទេសៈ នៃ​ការ​ប្រទាញប្រទង់​គ្នា ពី​ការទាមទារ​សិទ្ធិ ជា​ម្ចាស់​កម្មសិទ្ធិ​លើដី រវាង​ឈ្មោះ ភឺន ផល្លា និង​ឈ្មោះ ស ថា​វី ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ក្នុងឋានៈ ជា​អ្នកលក់​ដី ទើប​កូនក្ដី របស់លោក នៅតែ​បន្ត​ការកាន់កាប់ និង​ថែរក្សា​ដី​ជាធម្មតា តាម​ការលក់​ទិញ ដែលមាន​ការដឹងលឺ ពី​សំណាក់​អាជ្ញាធរ សាលាខណ្ឌ​ព្រែក​ព្នៅ ដោយ​រង់ចាំ​សេចក្ដីសម្រេច អំពី​សិទ្ធិ កម្មសិទ្ធិ​នេះ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​តុលាការ ចប់​ជា​ស្ថាពរ ស្របតាម​ស្មារតី នៃ​កិច្ចប្រជុំ នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​ម្យ៉ាងវិញទៀត តាមរយៈ​ការទាមទារ ខាងលើនេះ នៅ​មិនទាន់មាន សេចក្ដីសម្រេច​ណាមួយ ពី​តុលាការ ដែល​បានសម្រេច ប្រគល់​សិទ្ធិ កម្មសិទ្ធិ​ដី​នេះ ឲ្យ​ទៅ​ភាគី​ណា ជា​អ្នកឈ្នះ​នៅឡើយ​ទេ ដោយ​ភាគី​វិវាទ នៅតែ​បន្ត​ប្រើប្រាស់ យន្តការ​ច្បាប់ សម្រាប់​ការទាមទារ និង​ដោះស្រាយ ពី​សិទ្ធិ កម្មសិទ្ធិ​នេះ​។​

​គួរ​បញ្ជាក់ថា នៅ​រយៈពេល​ចុងក្រោយ​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​គ្រប់​ជ្រុងជ្រោយ បណ្ដាល​ឲ្យ​មានការ​ភ័ន្ដច្រឡំ​មកលើ លោកស្រី ឡោក ខេង អ្នកតំណាងរាស្ដ្រ មណ្ឌល​ភ្នំពេញ ពាក់ព័ន្ធ​នឹង​វិវាទ​ដី ទំហំ​២២ ៩០០​ម៉ែត្រការ៉េ​នេះ​។ ដី​នេះ​បច្ចុប្បន្ន កំពុង​តែមាន​វិវាទ រវាង​ឈ្មោះ ភឺន ផល្លា ជា​ឧ​ត្ត​ម​សេនីយ៍​ទោ នៅ​មេបញ្ជាការរង កងពលតូច​លេខ​៧០ និង​ឈ្មោះ ស ថា​វី អតីត​អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បច្ចុប្បន្ន ជា​អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដោយ​ម្នាក់ៗ សុទ្ធតែ​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ ស្របច្បាប់ និង​កំពុង​តតាំង​បណ្តឹង នៅ​តុលាការ​។​

​យ៉ាងណាក៏ដោយ តាមរយៈ​មេធាវី លោកស្រី ឡោក ខេង និង​បច្ចុប្បន្ន​ជា​ម្ចាស់​ដី ដែល​ទិញ​ដី​ពី​ឈ្មោះ ស ថា​វី បាន​បញ្ជាក់ថា ការទិញ​-​លក់​ដី​មួយកន្លែង​នេះ ធ្វើឡើង​ដោយ​ស្របច្បាប់ និង​មានការ​ដឹងលឺ ពី​អាជ្ញាធរ​ភូមិ​សង្កាត់​និង​ខណ្ឌ​។ ចំពោះ​វិវាទ ដែល​បាន​កើតឡើង គឺ​ទុក​ឲ្យ​ឈ្មោះ ភឺន ផល្លា និង​ឈ្មោះ ស ថា​វី ដោះស្រាយ​គ្នា នៅ​តុលាការ​តាមផ្លូវ​ច្បាប់​។​

​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ បានសម្រេច​ចោទប្រកាន់ លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​មេគំនិត​ឆបោក និង​បក្ខពួក​ចំនួន​៣​នាក់​ទៀត ពាក់ព័ន្ធ​ការ​លួច​ដី​គេ​លក់​ឲ្យ​អ្នកដទៃ​តម្លៃ​១៥​ម៉ឺន​ដុល្លារ នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បាន​ចោទប្រកាន់​រួចហើយ តើ​ចាំមើល​តុលាការ​ហ៊ាន​ចាប់ខ្លួន​លោក ស ថា​វី ញាត់​គុក​ដែរ​ទេ ឬក៏​ជាប់​តែ​ជន​តូចតាច​៣​នាក់​នោះ​។​

​លោក ស ថា​វី អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន​។ ចំណែក​បក្ខពួក​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​៧​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន​។ ក្នុងចំណោម​ជនសង្ស័យ​៧​នាក់​នោះ មាន​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន រួមមាន ឡុង ដា​រ៉ា អាយុ​៣៥​ឆ្នាំ​, ឡូញ រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង ប៉ូច ថេ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​។ ឯ​៤​នាក់​ទៀត​កំពុង​រត់គេចខ្លួន​។ ជន​ទាំង​៣​នាក់​នេះ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នកដទៃ​មាន​ទំហំ ២២៩០០​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ ។ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៣​រូបនេះ មកកាន់​តុលាការ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ដីកា​របស់​ព្រះរាជអាជ្ញា សយ ណូ​រ៉ា បានសម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ លើ​មនុស្ស​ចំនួន​៩​នាក់ ១៖ លោក ស ថា​វី អាយុ​៥៣​ឆ្នាំ ក្រៅ​ឃុំ , ២៖ លោក ឡុង ដា​រ៉ា ហៅ ណា​ង មានខ្លួន , ៣៖ លោក ប៉ូច ថេ​ន អាយុ​៥២​ឆ្នាំ មានខ្លួន​
, ៤៖ លោក ឡូញ រស់ អាយុ​៤០​ឆ្នាំ មានខ្លួន​, ៥៖ លោក អ៊ុក ភក្តី កើត​ឆ្នាំ​១៩៦៦ ក្រៅ​ឃុំ​, ៦៖ លោក យិន អ៊ិម ក្រៅ​ឃុំ​, ៧៖ លោក ម៉ាត់ ឌី អាយុ​៥០​ឆ្នាំ ក្រៅ​ឃុំ​, ៨៖ លោកស្រី យស់ ម៉ាលី​ណា ក្រៅ​ឃុំ និង​៩៖ និង គូកន ក្រៅ​ឃុំ​។​

​យោងតាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ឈ្មោះ ឡុង ដា​រ៉ា បាន​លក់​ដី​ទំហំ ២២៩០០​ម៉ែត្រការ៉េ ទៅឱ្យ​ឈ្មោះ ប៉ូច ថេ​ន ក្នុងតម្លៃ​ទឹកប្រាក់ (១៥​ម៉ឺន​ដុល្លារ​អាមេរិក​) ហើយ​បាន​ចែក​លុយ​នោះ​ឲ្យ​ទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ ចែក​ទៅ​ឲ្យ​លោក យិន អ៊ិម ចៅសង្កាត់​សំរោង ៤​ម៉ឺន​ដុល្លារ ជា​ថ្លៃ​ធ្វើឯកសារ​លក់​ដី​ខាងលើ និង​ចែក​មនុស្ស​មួយចំនួនទៀត​។ ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាពថា នៅសល់​ប្រាក់​៣០០០០​ដុល្លារ​អាមេរិក​។ ជនសង្ស័យ ឡុង ដា​រ៉ា បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ដី​នេះ​ឈ្មោះ ប៉ូច ថេ​ន ជា​អ្នក​ឈរឈ្មោះ​ទិញ​ទៅឱ្យ​ឈ្មោះ ស ថា​វី ហើយ​ចំពោះ​ប្រាក់​ចំនួន ១៥​ម៉ឺន​ដុល្លារ​នោះ ឈ្មោះ ឡុង ដា​រ៉ា បានទទួល​ពី​ឈ្មោះ ស ថា​វី អ្នកស្រី ឡោក ខេង តាមរយៈ​មូល​ប្ប​ទា​នប​ត្រ​របស់​ធនាគារ​កាណាឌីយ៉ា​។​

​លោក​ផែង វណ្ណៈ បាន​ថ្លែងថា “​ក្នុង​រឿងនេះ​មាន​លោកជំទាវ​តំណាងរាស្ត្រ​ម្នា​ក់នៅ​ពីក្រោយ​ខ្នង​អ្នកទិញ ។ ទោះបី​ដឹងថា​ខ្លួន​ទិញ​ដី​ពី​ចោរ​ហើយក៏​ដោយ​ក៏​មិន​ព្រម​ប្រគល់​ដី​ឲ្យ​ម្ចាស់​គេ​វិញ​ដែរ ថែមទាំង​ទៅធ្វើ​របង​ព័ទ្ធ​យក​ថែម​ទៀតផង ។ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ពី​ក្រោយខ្នង​ចោរ​លក់​ដី ។ លោកជំទាវ​តំណាងរាស្ត្រ​ម្នាក់ នៅ​ពី​ក្រោយខ្នង​អ្នកទិញ​ដី​ចោរ “​។​

​ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ដីស្រែ​ដែល​ខ្លួន​បាន​លក់​នោះដែរ គឺជា​ដីស្រែ​របស់ លោក ភឺន ផល្លា ដោយមាន លោក ស ថា​វី ជា​អ្នកបញ្ជា​ឲ្យ​ខ្លួន​ជា​អ្នកលក់​ទៅ​ឲ្យ​ឈ្នោះ ប៉ូច ថេ​ន ហើយ​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​នេះ គឺ​ឈ្មោះ អ៊ុ ភក្តី ជា​អ្នក​រៀបចំឡើង​។​

​ចំណែក​លោក​វីល្លាម បាន​ថ្លែងថា សូមជួយ​ពន្យល់​ខ្ញុំ​ផង ថា​តើ​សម​ឬ​អត់ ដែល​លោក ស ថា​វី ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ផង និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ផង ? ឥឡូវ​អតីត​អភិបាលខេត្ត​ឧ​ត្ត​មានជ័យ និង​ជា​អនុ​រដ្ឋលេខា​រូបនេះ កំពុង​ជាប់​ពាក់ព័ន្ធ​វ័​ន្ត​ករ ចំពោះ​ការប្រើ​អំណាច​ធ្វើ​ស៊ី​ដី​របស់គេ រហូត​អយ្យការ​ក្រុងភ្នំពេញ​ទើប​សម្រេច​ចោទប្រកាន់ កាលពី​ល្ងាច​មិញ​នេះ​។ ដោយឡែក​រឿង​ដែល​ខ្ញុំ​ឆ្ងល់ គឺ​ឆ្ងល់​ថា តើ​គាត់​ជា​អនុ​រដ្ឋលេខា​នៅ​ក្រសួងការពារជាតិ ចុះ​នៅ​ក្រសួងមហាផ្ទៃ គាត់​នៅតែ​ជា​អនុរដ្ឋលេខាធិការ​ទៀត​ឬ​អត់ ? ប្រសិនជា​មុខងារ​ស្ទួន​គ្នា តើ​វា​សម​ឬ​អត់ ?៕​ដោយ​៖​កូ​ឡាប​

×