ពងបែកក្នុងមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកក្នុងមាត់បានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព ជារូបមន្តធម្មជាតិមួយចំនួនដែលអាចព្យាបាលអាការៈពងបែកក្នុងមាត់ឆាប់រហ័ស ៖
១. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្សៅ baking soda ចំនួន ១/៤ ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់និងទឹកត្រជាក់ ១ ស្លាបព្រាបាយ ព្រមទាំងទឹកឃ្មុំ ១/២ ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ លាបល្បាយលើដំបៅពងបែក។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃពេលព្រឹកនិងល្ងាច។
២. ទឹកឃ្មុំ
ដំបូងត្រូវលាងសម្អាតមាត់ ឬដំបៅពងបែកជាមួយទឹកក្ដៅឧណ្ហៗសិន សឹមលាបទឹកឃ្មុំពីលើ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតសះស្បើយ។
៣. ទឹកខ្ទិះដូងស្រស់
ដើម្បីឆាប់ជាសះស្បើយនិងបាត់ឈឺចាប់ អ្នកក៏អាចខ្ពុរមាត់ជាមួយទឹកខ្ទិះដូងស្រស់ពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃផងដែរ។
៤. ទឹកកក
ប្រើប្រាស់អណ្ដាតទប់ទឹកកកមួយដុំតូចផ្ទាល់លើដំបៅពងបែក។ ភាពត្រជាក់ជួយឱ្យស្ពឹកការឈឺចាប់និងកាត់បន្ថយអាការៈហើម។ បន្តធ្វើបែបនេះច្រើនដងក្នុងមួយថ្ងៃតាមការពេញចិត្ត។ ការទទួលទានទឹកត្រជាក់ពេញមួយថ្ងៃក៏អាចជួយបានដែរ។
៥. ទឹកអំបិល
លាយអំបិល ២ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ណៗ ១ កែវ។ កូរឱ្យសព្វសិនមុននឹងខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ៕
អត្ថបទ៖ health