សៀមរាប៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាស ណែនាំដល់អ្នកប្រកបរបរ ផ្នែកវេជ្ជសាស្ត្របុរាណ គឺគ្រូបុរាណ មិនអនុញ្ញាតជូន ក្នុងការព្យាបាល ដោយឱសថបុរាណសម្រាប់ករណីអ្នកជំងឺកូវីដ 19ឡើយ ពីព្រោះថាជំងឺនេះជាជំងឺសកលត្រូវការទាមទារការព្យាបាលបែបវិទ្យាសាស្ត្រ។
មន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ថា ការមិនអនុញ្ញាតបែបនេះ ដោយសារមានការស្នើសុំរបស់ គ្រូឱសថបុរាណ តាមរយៈទូរស័ព្ទ ដើម្បីសុំការអនុញ្ញាតព្យាបាលជំងឺកូវីដ 19។
ដោយមើលឃើញថា ការអះអាងពីសំណាក់ គ្រូឱសថបុរាណ ក្នុងការព្យាបាលដោយ ឱសថបុរាណលើអ្នកជំងឺកូវីដ 19 គឺគ្មានលក្ខណៈបច្ចេកទេស និងវេជ្ជសាស្ត្រត្រឹមត្រូវ ព្រោះយើងដឹងហើយថា វីរសកូវីដ១៩ ជាប្រភេទវីរុសឆ្លងជាសកល ដែលវាឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍ទៅសហគមន៍ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ទូទាំងពិភពលោក ដូច្នេះការព្យាបាលករណីអ្នកជំងឺនេះ ទាមទារត្រូវដាក់ នៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យ និងទទួលការព្យាបាល តាមលក្ខណៈបែបវិទ្យាសាស្ត្រត្រឹមត្រូវ។
ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តសៀមរាប សូមមិនអនុញ្ញាត ចំពោះការព្យាបាល ដោយប្រើឱសថបុរាណ ឡើយ ក្នុងករណីសង្ស័យ សូមរាយការណ៍មកភ្នាក់ងារ សុខាភិបាលក្នុងមូលដ្ឋាន ឬធ្វើការទំនាក់ទំនង ទៅលេខទូរស័ព្ទ 115 របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ថា ចំពោះករណី មិនអនុវត្តតាម ការណែនាំ ធ្វើការជម្រាបជូននេះ មន្ទីរសុខាភិបាលខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់៕ ដោយ៖កូឡាប