ស្ត្រីជនជាតិម្នាក់បានត្រូវហាមឃាត់មិនឲ្យឡើងយន្តហោះព្រោះត្រូវពិនិត្យឃើញថា មុខមាត់របស់នាងមិនដូចជារូបក្នុងអត្តសញ្ញាណប័ណ្ណ ក្រោយមកទើបដឹងថា នាងទើបតែធ្វើការវះកាត់កែសម្ផស្ស ។ ស្ត្រីត្រកូល ចាង វ័យ២៨ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យឡើងយន្តចេញពី ឆេងឌូ ទៅកាន់សៀងហៃ ក្រោយពីបំពេញបែបបទមិនឲ្យឡើងយន្តហោះ ដោយហេតុថា ភ្នាក់ងារសន្តិសុខពេលពិនិត្យអត្តសញ្ញាណប័ណ្ណប្រៀបនឹងរូបពិតវាពុំដូចគ្នាសោះ។
ផ្ទៃមុខរបស់នារីចាង មុននឹងក្រោយវះកាត់កែសម្ផស្ស
ទោះបីជានារីត្រកូលចាង បានប្រឹងប្រែងបកស្រាយប្រាប់ភ្នាក់ងារសន្តិសុខថា នាងទើបធ្វើការវះកាត់កែសម្ផស្ស ហើយពុំទាន់សុំប្តូរអត្តសញ្ញាណប័ណ្ណក្តីក៏ពុំទទួលបានការយល់ព្រមដែរ។
ភ្លាមៗនោះ នាងបានទៅកាន់ប៉ុស្តិ៍ប៉ូលិស ហើយចំណាយពេលអស់ ៤ម៉ោង ដើម្បីបញ្ជាក់ថា នាងនិងមនុស្សក្នុងអត្តសញ្ញាណប័ណ្ណគឺតែមួយ ទោះយ៉ាងណាជើងហោះហើរដែលនាងបានចំណាយប្រាក់ទិញសំបុត្រអស់ ២០០ដុល្លារ បានចាកចេញទៅបាត់។ នារីត្រកូលចាងពុំមានជម្រើសអ្វីក្រៅពីធ្វើដំណើរតាមរថភ្លើងទៅកាន់សៀងហៃឡើយ។
ប៉ូលិសចិន បានអំពាវនាវឲ្យអ្នកដែលធ្វើការវះកាត់កែសម្ផស្ស គប្បីមកធ្វើអត្តសញ្ញាណប័ណ្ណប្តូររូបថតឲ្យបានទាន់ពេល ចៀសវាងនូវហេតុការណ៍កើតឡើងជាយថាហេតុ។
បំណងចង់ស្អាត ពុំមែនជាកំហុសឡើយ ប៉ុន្តែសុភាពនារីទាំងឡាយគប្បីរៀបចំឯកសារប្តូរដាក់រូបភាពថ្មីរបស់ខ្លួនក្នុងលិខិតស្នាមឯកសារឯកជន ពុំនោះសោតអ្នកអាចរងទទួលការខាតបង់លើសពីនារីត្រកូលចាង ខាងលើនេះទៅទៀត៕ ចន្ទ្រា