សៀមរាប៖រចនាសម្ព័ន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។
នេះបើតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០។
ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើ និងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យ ទាក់ទងនឹងការកសាងស្រះទឹករួមទាំងស្ថាបត្យកម្ម នៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជន តាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ព័ន្ធសំណង់ឈើ ដែលបានប្រទះឃើញនេះ ស្ថិតនៅចំកណ្តាលនៃស្រះដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិ និងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើន
សម័យកាល ដែលបានរៀបចំយ៉ាងស្អាត ប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះ ជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។
ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿ ដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។
លោក សុខរិទ្ធី បានបន្តថា ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រ នៃការស្រាវជ្រាវដំបូងហើយ ដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាត និងព្រះមួយអង្គ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះក៏ជាភស្តុតាងវិទ្យាសាស្ត្រស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែម ទៅលើព័ត៌មានកន្លងមក ដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវ លើសិលាចារឹកបដិមាសាស្ត្រ ប្រវត្តិសិល្បៈ។ល។ ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយ ទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹកសំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថាអង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះ មិនដាច់ តាំងពីសម័យកសាងរហូតដល់សម័យទំនើប។
លោកបន្ថែមថា ដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ថា សំណង់ឈើនេះ មានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើ ទៅពិសោធន៍ និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕ ដោយ៖បញ្ញាស័ក្តិ