ក្មេងប្រុសអង់គ្លេសម្នាក់អាយុ ១៣ឆ្នាំ បានស្លាប់ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល និងគ្រួសាររបស់ជនរងគ្រោះនៅកាលពីថ្ងៃអង្គារ។
សាច់ញាតិក្មេងប្រុសនោះនិយាយថា កុមារនោះមិនមានជំងឺអ្វីជាមូលដ្ឋានសោះ។
គ្រួសារក្មេងប្រុសឈ្មោះ Ismail Mohamed Abdulwahab បាននិយាយថា រូបគេចាប់ផ្តើមមានរោគសញ្ញា និងមានបញ្ហាពិបាកដកដង្ហើម មុនពេលគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
កុមារនេះ ដែលបានស្លាប់កាលពីថ្ងៃចន្ទនៅមន្ទីរពេទ្យ King’s College Hospital ក្នុងទីក្រុងឡុង ត្រូវបានគេជឿជាក់ថា ជាមនុស្សវ័យក្មេងបំផុតនៅអង់គ្លេសដែលបានស្លាប់ដោយសារវីរុសកូរ៉ូណា។
កាលពីថ្ងៃអង្គារម្សិលមិញ ក្មេងស្ត្រីវ័យ ១២ឆ្នាំម្នាក់ ដែលបានស្លាប់នៅប្រទេសបែលហ្សិក ជាជនរងគ្រោះវ័យក្មេងបំផុតនៅតំបន់អ៊ឺរ៉ុប។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារ អង់គ្លេសមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ឬ COVID-19 ចំនួន ៣៨១នាក់ ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ ដែលវាគឺជាតួលេខស្លាប់ច្រើនបំផុត ចាប់តាំងពីមានការផ្ទុះវីរុសកូរ៉ូណាក្នុងប្រទេសនេះមក។
បច្ចុប្បន្ន អ្នកស្លាប់សរុបនៅអង់គ្លេសមានចំនួន ១.៧៨៩នាក់ ខណៈអ្នកឆ្លងមានជាង ២៥.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CSSC/Channelnewsasia