ប្រទេសវៀតណាម៖ ថ្មីៗនេះ សមត្ថកិច្ចវៀតណាម បានចាត់វិធានការធម៌ក្តៅទៅលើអ្នកលក់ជិត ១៦.២០០ នាក់ ដែលកំពុងលួចសម្ងំកើបលុយយ៉ាងសប្បាយដៃ ពីការលក់ម៉ាស និងទឹកអាល់កុល ឡើងថ្លៃហួសប្រមាណនៅលើអនឡាញ ដែលបង្កអស្ថិរភាពទីផ្សារ អំឡុងពេលមានការផ្ទុះឡើងនៃវីរុស COVID-19 ។
យោងតាមនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចឌីជីថលវៀតណាម គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ គេហទំព័រលក់ទំនិញអនឡាញធំៗដូចជា Sendo.vn, Shopee.vn, Lazada.vn, Tiki.vn, chotot.com, vatgia.com, fado.vn, bibomart.com.vn, concung.com … បានសហការដំណើរការហាងចំនួន ៥.២០០ កន្លែង ដែលកំពុងលក់ផលិតផលរំលោភលើទីផ្សារជាង ២១.០០០ ។
ក្នុងនោះជាពិសេសគឺ Sendo.vn កំពុងដំណើរការជាមួយហាងលក់ម៉ាសជិត ២.០០០ កន្លែង ដែលមានផលិតផលលក់ហួសកម្រិតជាង ៣.០០០ ។ គេហទំព័រលក់ទំនិញនេះ ក៏បានគ្រប់គ្រងទៅលើហាងលក់ផលិតផលអនាម័យ និង gel ជិត ១.០០០ កន្លែង ដែលមានផលិតផលលក់រំលោភថ្លៃជាង ១.៥០០ ផងដែរ។
តាមរយៈនេះ នាយកដ្ឋានគ្រប់គ្រងទីផ្សារ បានចេញសេចក្តីប្រកាសលេខ ៦២០ ជាបន្ទាន់ ដើម្បីត្រួតពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការឆ្លៀតយកប្រយោជន៍ពីរោគរាតត្បាតនេះ ដោយនឹងត្រូវប្រមូលយកទាំងអស់ ឬកំណត់តម្លៃទំនិញដែលមិនសមហេតុផលដូចជាម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគជាដើម ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ www.vietnamplus.vn)