ខេត្តព្រៃវែង ៖ករណីយុវជនម្នាក់ ដែលឡើងទៅផ្សំដំណេក ជាមួយកូនក្រមុំ ជំនួសកូនកំលោះនោះ បានសារភាពពីមូលហេតុថា ដោយសារតែមាននិស្ស័យ ។ ករណីនេះ ខាងកូនកំលោះបានបដិសេធមិនព្រមទទួលយកកូនក្រមុំនោះវិញទេ ហើយនិងបានទាថ្លៃបណ្តាការចំនួន១.៤០០ដុល្លារ ពីគ្រួសារខាងកូនក្រមុំ ។
យុវជន ឈឺន ចាន់សេង ដែលលួចចូលផ្សំដំណេកនោះ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួន ដោយចោទប្រកាន់ពីបទ សេពសន្ថវៈ ដោយយោងតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ។
ក្នុងដំណាក់កាលប៉ូលិស ជនសង្ស័យបានឆ្លើយសារភាពថា “នៅក្នុងថ្ងៃរៀបការនោះ កូនកំលោះមិនបានឡើងទៅផ្សំដំណេកនោះទេ ខ្ញុំក៏បានឡើងទៅផ្សំដំណេកជំនួសកូនកំលោះ ដោយបានសម្រេចចំនួន៣ដង “។ នៅពេលដែលសមត្ថកិច្ចប៉ូសិលសួរថាតើកូនក្រមុំនោះដឹងប្អូនឯងទេ? ជនរូបនោះបានឆ្លើយប្រាប់ថា “កូនក្រមុំដឹងតើ?” ។ ជនរូបនោះ បញ្ជាក់បន្ថែមថា “តាមពិតទៅកូនក្រមុំនោះ ក៏ដឹងថាខ្លួនខ្ញុំជាអ្នកឡើងទៅដេករួមរ័ក្សជាមួយនាងដែរ ហើយនាងក៏នៅតែព្រមប្រគល់ខ្លួនឲ្យមកខ្ញុំរហូតដល់សម្រេចបានចំនួន៣ដង ហើយជនរូបនោះបាននិយាយបន្តថា ការដែលខ្លួនដែលឡើងទៅផ្សំដំណេកជាមួយកូនក្រមុំដោយសារតែមាន “និស្ស័យ”។
ជារឿងដ៏គួរឱ្យហួសចិត្តមួយ និងមិនធ្លាប់មានទាល់តែសោះ ហើយបង្កការផ្អើលឆោឡោពេញរោងការយ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំស្រែកចេញពីក្នុងបន្ទប់ថា មានគេបន្លំធ្វើជាកូនកំលោះចូលទៅផ្សំដំណេកជាមួយនាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះការមួយ នៅពេលដែលក្រុមគ្រួសារម្ចាស់ដើមការទាំងសងខាងកំពុងតែរវល់រៀបចំផ្ទះ អ្នកខ្លះដេកមិនទាន់ភ្ញាក់ផង ស្រាប់តែឮសំឡេងកូនក្រមុំស្រែកចេញពីបន្ទប់ លុះពេលគេចូលទៅមើល ស្រាប់តែឃើញយុវជនម្នាក់ឈ្មោះ ឈឺន ចាន់សេង អាយុ ១៨ឆ្នាំ កំពុងដេកអាក្រាតកាយយ៉ាងសុខស្រួលនៅក្នុងបន្ទប់ ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
ប្រភពពីលោកអធិការស្រុកកញ្ជ្រៀច បានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុនោះ គេបានរៀបចំពិធីមង្គលការកូន ហើយយុវជន ឈឺន ចាន់សេង ក៏បានទៅឈរមើលគេផឹកស៊ីរាំកំសាន្តដែរ ព្រោះផ្ទះនៅជិតខាងគ្នា រហូតដល់ជិតចប់កម្មវិធី ពេលឃើញកូនក្រមុំអស់កំលាំង ក៏ចូលទៅដេកក្នុងបន្ទប់ផ្សំដំណេកម្នាក់ឯង ។ ចំណែកឯកូនកំលោះ កំពុងបន្តផឹកស៊ីរាំរែកជាមួយមិត្តភក្តិបងប្អូនក្នុងរោងការ ដែលអាចជាឱកាសល្អសម្រាប់យុវជន ឈឺន ចាន់សេង យកសារុងរុំខ្លួនលបចូលទៅក្នុងបន្ទប់ផ្សំដំណេកបន្លំធ្វើជាកូនកំលោះ ហើយផ្សំដំណេកជំនួសកូនកំលោះរហូតបានសម្រេច ។ លុះភ្លឺឡើងទើបកូនក្រមុំដឹង ហើយស្រែកឆោឡោឡើងផ្អើលអស់មនុស្សនៅក្នុងផ្ទះនាំគ្នាឡើងទៅចាប់ប្រគល់អោយសមត្ថកិច្ច ។
រីឯនារីរងគ្រោះជាកូនក្រមុំ បានឱ្យដឹងថា ក្នុងពេលដែលយុវជនកំហូចនេះ ចូលទៅក្នុងបន្ទប់ រូបនាងក៏បានដឹងដែរ ប៉ុន្តែ ដោយសារក្នុងបន្ទប់បិទភ្លើងមើលមិនឃើញមុខ រូបនាងស្មានថា ជាកូនកំលោះទើបមិនប្រកែកដោយគិតថា ជាប្តី លុះដល់ភ្លឺឡើងនាងភ្ញាក់ពីដេកឃើញអ្នកដេកជាមួយមិនមែនជាប្តី ទើបស្រែកឆោឡោឡើងតែម្តង ។ ដោយឡែក យុវជនកំហូច ឈឺន ចាន់សេង បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងនារីរងគ្រោះ ជាអ្នកជិតខាងគ្នា ហើយរូបគេបានលួចស្រលាញ់នារីរងគ្រោះយូរហើយ តែមិនដែលបានសារភាព រហូតដល់នាងរៀបការរូបគេក៏មកមើលទៀត លុះដល់យប់ជ្រៅពេលឃើញនាងនៅក្នុងបន្ទប់ម្នាក់ឯង ឯកូនកំលោះបានទៅដេកនៅរោងខាងកូនកំលោះបាត់ ជាឱកាសស្ងាត់ល្អរូបគេក៏បន្លំធ្វើជាកូនកំលោះឡើងទៅផ្សំដំណេកជាមួយនាងតែម្តង ហើយដោយគេខំប្រឹងច្រើនពេករហូតដល់ទៅ ៣ដង ធ្វើឲ្យអស់កម្លាំង ក៏ដេកលង់លក់រហូតដល់ព្រឹក៕ ដោយ៖បញ្ញាស័ក្តិ