ប្រទេសចិនសំដែងការគាំទ្រទៅដល់ប្រទេសកូរ៉េខាងជើង និងខាងត្បូងក្នុងការបង្កើនការទុកចិត្តលើគ្នា បង្កើតការឯកភាពគ្នា និងការរកដំណោះស្រាយតាមរយៈកិច្ចចរចា។
អ្នកនាំពាក្យក្រសួងការបរទេសចិន ឈ្មោះ Lu Kang បាននិយាយថា ប្រទេសទាំងពីរនៅលើឧបទ្វីបបានឈានដល់ការឯកភាពគ្នាយ៉ាងសំខាន់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមកីឡាអូឡាំពិចជាមួយគ្នា និងបង្កើនទំនាក់ទំនងរបស់ពួកគេ ដែលវាជាការឆ្លុះបញ្ជាំង
ឲ្យឃើញពីកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់ស្ថានភាពតានតឹងនៅលើឧបទ្វីប។
លោកថ្លែងដូច្នេះថា “ពួកយើងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចរក្សាការទំនាក់ទំនងវិជ្ជមានរបស់ពួកគេ និងរកស្វែងរកកត្តាសំខាន់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសម្រេចបានសន្តិភាពជាអចិន្ត្រៃយ៏នៅលើឧបទ្វីបកូរ៉េ”។
លោកក៏បានបញ្ជាក់ផងដែរថា គ្រប់ភាគីទាំងអស់គួរតែចេះថ្នាក់ថ្នមស្ថានភាពបច្ចុប្បន្ន ចំនែកសហគមន៏អន្តរជាតិគួរតែចាប់យកឱកាសនេះដើម្បីបង្កើនសន្តិភាពជាជាងបង្កឲ្យមានបញ្ហា ព្រមទាំងបង្កើនកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា។
កាលពីថ្ងៃពុធកន្លងទៅ កូរ៉េទាំងពីរបានព្រមព្រៀងគ្នា ដើរក្បួនព្យុះហយាត្រា ដោយប្រើទង់ជាតិតំណាងតែមួយ នៅក្នុងការបើកដំណើរការនៃការប្រកួតកីឡាអូឡាំពិចរដូវរងា នៅកូរ៉េខាងត្បូងខែក្រោយនេះ។
ការឯកភាពរបស់ប្រទេសជិតខាងទាំងពីរបានកើតឡើងក្នុងជំនួបកិច្ចប្រជុំកំរិតខ្ពស់ ដែលធ្វើឡើងនៅផ្ទះសន្តិភាព ក្នុងភូមិ Panmunjom ស្ថិតក្នុងទឹកដីកូរ៉េខាងត្បូង។
ទន្ទឹមនឹងគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha បានថ្លែងថា កូរ៉េខាងត្បូងនឹងជំរុញឲ្យមានកិច្ចចរចារដើម្បីរកដំណោះស្រាយដោយសន្តិផាពលើបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕ សុភ័ក្ត្រ