ដំរីអាស៊ី ដែលជាប្រភេទសត្វនិមិត្តរូបមួយប្រភេទនៃតំបន់អាស៊ី ហើយវាបានក្លាយជាផ្នែកដ៏សំខាន់មួយនៃតំបន់ទេសភាពខ្ពស់រាបភាគខាងកើត និងវប្បធម៌តាំងពីរាប់ពាន់ឆ្នាំមកហើយ។ក្នុងរបាយការណ៍ផ្លូវការនៃអង្គការមូនិធិសត្វព្រៃពិភពលោកប្រចាំនៅកម្ពុជា (WWF-Cambodia) បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានចាត់ទុកជាកន្លែងដែលទ្រទ្រង់ដល់ការបន្តរស់រានមានជីវិតរបស់ដំរីនៅក្នុងតំបន់ឥណ្ឌូចិន(កម្ពុជា ឡាវ និងវៀតណាម) ខណៈដែលវាត្រូវបានគែចាត់បញ្ចូលក្នុងថ្នាក់ជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីរ ក្រហមរបស់អង្គការ IUCN(អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ)ដែលជាយន្តការរួមរបស់ពិភពលោកតែមួយគត់ដើម្បីថែរក្សា និងអភិរក្សសត្វព្រៃនិងធនធានធម្មជាតិ។ ការចាត់បញ្ចូលនេះ ដំរីអាស៊ីចូលទៅក្នុងបញ្ជីក្រហមនៃអង្គការ IUCNនេះ គឺដោយសារតែការបាត់បង់ចំនួនសត្វដំរីដ៏គួរឱ្យកត់សំគាល់តាមរយៈការប្រមាញ់ និងការបាត់បង់ទីជម្រក។
កម្ពុជាតែម្នាក់ឯង បានផ្តល់ជម្រកដល់សត្វនិមិត្តរូបអាស៊ីមួយនេះចន្លោះពី៤០០ទៅ៦០០ក្បាលអំឡុងពេលដែលប្រទេសជិតខាងមានចំនួនតិចតួចប៉ុណ្ណោះ។ តំបន់ដែលដំរីអាស៊ីនៅច្រើនជាងគេនៅកម្ពុជាគឺតំបន់ខ្ពស់រាបភាគខាងកើតដែលគ្រប់ដណ្តប់លើតំបន់ការពារចំនួន៥នៅក្នុងនោះក៏មានដែរដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ជួរភ្នំក្រវ៉ាញ។ មូលហេតុដែលធ្វើឱ្យដំរីអាស៊ីរស់នៅច្រើននៅកម្ពុជាគឺដោយសារតែលក្ខខណ្ឌអំណោយផលនៃព្រៃដ៏ធំទូលាយរបស់កម្ពុជាដែលអាចជ្រក ពួន រកចំណីអាហារ និងផឹកទឹកបាន។
តាមការសិក្សាស្រាវជ្រាវដំរីជាមធ្យមត្រូវការស៊ីចំណីជាមធ្យម ១៥០គីឡូក្រាមក្នុងមួយថ្ងៃដើម្បីចិញ្ចឹមជីវិតហើយត្រូវការទឹកយ៉ាងតិចបំផុតម្តងក្នុងមួយថ្ងៃ។សត្វដំរីគឺជាប្រភេទថនិកសត្វដែលបង្កកំណើតប្រើប្រាស់ពេលយូរជាងគេបំផុតរហូតដល់១៨-២២ខែ ហើយមេដំរីបណ្តើរកូនរយៈពេលជិត២ឆ្នាំមុននឹងផ្តល់កំណើតជាថ្មីទៀត។
ដូចនេះដើម្បីរក្សាបាននូវវត្តមានរបស់សត្វដំរីនៅកម្ពុជា ការអភិរក្ស គឺជាការចាំបាច់ និងមានសារសំខាន់បំផុត៕ ដោយ៖បញ្ញាស័ក្តិ